ភ្នំខ្វាវ ឬ ភ្នំតាក្រហមក ក្នុង ខេត្តពោធិ៍សាត់ អន្ទងចិត្ត ភ្ញៀវទេសចរ មកកម្សាន្តបែបផ្សងព្រេង

2207

ពោធិ៍សាត់៖ ភ្នំខ្វាវ ឬ ភ្នំតាក្រហម ក ក្នុងខេត្តពោធិ៍សាត់ កំពុងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តបែបផ្សងព្រេង ដោយសារនៅលើកំពូលភ្នំ យើងអាចទស្សនាទេសភាពបានយ៉ាងច្បាស់ ជាពិសេសស្រូបយកខ្យល់អាកាសបរិសុទ្ធ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្រៅពីតំបន់ភ្នំជាច្រើនដែលមន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរកឃើញជាបន្តបន្ទាប់ ក៏មានលេចចេញនូវតំបន់ទេសចរណ៍ថ្មីមួយ គឺភ្នំខ្វាវ ឬភ្នំរាំងខ្វាវ ហៅភ្នំតាក្រហមក ក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ដែលភ្ញៀវទេសចរអាចឡើង ទៅលើភ្នំដើម្បីមើលទេសភាពដ៏ស្រស់ត្រកាល ជាពិសេសគយគន់ទេសភាពនាព្រឹកព្រលឹម។

លោកបន្តថា កំពូលភ្នំលោកតាក្រហមក ភ្ញៀវទេសចរអាចឈរមើលព្រៃព្រឹក្សា និងទេសភាពជុំវិញភ្នំ ជាពិសេសមើលថ្ងៃលិចនៅលើកំពូលភ្នំបានយ៉ាងស្រស់ស្អាត។ ភ្នំនេះ ហ៊ុមព័ទ្ធដោយព្រៃឈើ និងរុក្ខជាតិជាច្រើនប្រភេទ និងមានប្រភពទឹកដែលអាចមុជលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់បន្ថែមថា សម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ឡើងភ្នំខ្វាវ ហៅភ្នំតាក្រហមក សូមធ្វើទំនាក់ទំនងមកខាងមន្ទីរទេសចរណ៍ខេត្ត ឬទំនាក់ទំនងទៅខាងសហគមន៍ រាំងខ្វាវផ្ទាល់តែម្តង ដើម្បីទទួលបាន អ្នកនាំផ្លូវជួយសម្រួលឲ្យងាយស្រួលក្នុងការឡើងភ្នំ។

សូមបញ្ជាក់ថា ភ្នំតាក្រហម ក មានទីតាំងស្ថិតនៅភូមិរាំងខ្វាវ ឃុំសន្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយភ្ញៀវទេសចរ អាចជ្រើសរើសផ្លូវធ្វើដំណើរចំនួន៣ផ្សេងគ្នា ដោយចេញពីភ្នំពេញទៅដល់ផ្លូវទី១ គឺចូលតាមបំណក់ច្រកល្អៀងដែលមានប្រវែង ប្រមាណ ៣០គីឡូម៉ែត្រ ហើយផ្លូវទី២ ចូលតាមស្រុកភ្នំក្រវាញ ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រ និងផ្លូវទី៣ ចូលតាម ក្លោងទ្វារវត្តកណ្ដាលទីរួមស្រុកក្រវាញ ដែលមានប្រវែង៣៧គីឡូម៉ែត្រ៕

ប្រភព៖ វិទ្យុជាតិកម្ពុជា
កែសម្រួល៖ លាភ