ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលុបចោល “ពន្ធកាត់ទុក” ១% ដែលនឹងអាចអនុវត្តនៅមុន ឬក្រោយបំណាច់ឆ្នាំ២០១៩នេះ នៅចំពោះមុខអ្នកវិនិយោគ និងធុរកិច្ចជនជប៉ុន ដែលបានចូលរួមសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា នាទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ ដើម្បីឲ្យកម្ពុជា កាន់តែមានភាពទាក់ទាញថែមទៀត។
អត្ថបទទាក់ទង៖ ប្រទេសកម្ពុជា មានសក្ដានុពលសំខាន់ៗ ៤ + សន្តិភាព សម្រាប់អ្នកវិនិយោគ
សម្ដេច ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា កំពុងតែ រីកចម្រើន តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន មកពីប្រទេសចិន នៅក្នុងវិស័យឧស្សាហកម្ម សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែប្រទេសកម្ពុជា នៅតែត្រូវការ ការវិនិយោគបន្ថែមទៀត ដើម្បីជួយដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេស ជាពិសេសនោះគឺ ការវិនិយោគពីប្រទេសជប៉ុនតែម្ដង។

ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចោល “ពន្ធកាត់ទុក” ១% ដើម្បីទាក់ទាញអ្នកវិនិយោគ មកបោះទុនរកស៊ីនៅកម្ពុជា ដោយថ្លែងថា៖ “ខ្ញុំយកឱកាសនេះប្រកាសចេញពីទីក្រុងតូក្យូថា ពន្ធកាត់ទុក១ភាគរយ ត្រូវបានលុបចោលនៅថ្ងៃនេះ ព្រោះពន្ធកាត់ទុកវាជាប្រភេទបំណុល ដែលរដ្ឋទៅខ្ចីក្រុមហ៊ុនឯកជនយកទុក។ អាហ្នឹង(ពន្ធកាត់ទុក) ការពិតវាជាប្រភេទបំណុល។ អ៊ីចឹងឥឡូវរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពហើយមិនចាំបាច់ទៅកាត់ពន្ធទុក។ ប៉ុន្តែអ្វីដែលលំបាកក្រុមហ៊ុនត្រូវការបញ្ចេញទុនទៅរកស៊ីផង ហើយមួយផ្នែកទៀតយកលុយមកឲ្យរដ្ឋាភិបាល។បើសិនជាខ្ញុំជាអ្នករកស៊ីក៏ខ្ញុំតវ៉ាដែរ ព្រោះមិនទាន់បានរកស៊ីផង មិនទាន់ដឹងចំណេញឬខាតផង ត្រូវបង់ពន្ធអស់១ភាគរយបាត់”។
អត្ថបទទាក់ទង៖ កម្ពុជា មានចំណុចពិសេស ៥យ៉ាង សម្រាប់ទាក់ទាញអ្នកវិនិយោគ ឲ្យមកមកបោះទុនរកស៊ី

ក្រៅពីការលុបចោល “ពន្ធកាត់ទុក” ១% រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន ក៏កំពុងបង្កើតកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតស៊ីគ្នា ដើម្បីកាត់បន្ថយបន្ទុកពន្ធ ដល់ធុរកិច្ច និងអ្នកវិនិយោគជប៉ុនផងដែរ ដើម្បីឲ្យពួកគេអាចមានលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត៕