ជប៉ុន នឹងបំពាក់អំពូលភ្លើងទំនើប ៥ពាន់អំពូល នៅភ្នំពេញ និង ២ពាន់អំពូល នៅខេត្តសៀមរាប

1437

ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ ក្រុមហ៊ុនជប៉ុនមីណេបៀ (Minebea) នៅប្រទេសកម្ពុជា បានប្រកាសបំពាក់អំពូលភ្លើង អាចបិទបើកដោយស្វ័យប្រវត្តិ និងមិនតខ្សែអគ្គិសនី ចំនួន៧ពាន់នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនៅក្នុងនោះចំនួន ៥ពាន់អំពូល នៅរាជធានីភ្នំពេញ និងចំនួន ២ពាន់អំពូល នៅខេត្តសៀមរាប។

ការប្រកាសជួយបំពាក់អំពូលភ្លើង នៅតាមផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបនេះ បានធ្វើឡើងដោយលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ុមី នៅក្នុងពេលលោកអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន​ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការប្រកាសជួយបំពាក់អំពូលភ្លើងតាមដងផ្លូវ គឺជាការអរគុណរបស់ក្រុមហ៊ុនមីណេបៀ (Minebea) ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជួយបង្កបរិយាកាសល្អ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ឱ្យទទួលបានជោគជ័យ៕