ការិយាល័យនាវាចរគយ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស បានធ្វើការបង្ក្រាប និងចាប់ឃាត់បានទូកដឹកបារីគេចពន្ធមួយគ្រឿង ដែលផ្ទុកបារីចំនួន១,១២៩កាតុង កាលពីពេលថ្មីៗនេះ នៅចំណុចចន្លោះកោះពោធិ៍ និងកោះអាចន៍សេះ ស្ថិតក្នុងខេត្តកែប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ។

នេះជាលើកទី១ហើយ ដែលការិយាល័យនាវាចរគយធ្វើការបង្ក្រាបអំពើគេចពន្ធនេះ បន្ទាប់ពីទទួលបាននាវាល្បាតគយចំនួនពីរគ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាវាល្បាតគយនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានគយបានឲ្យដឹងទៀតថា ដូចដែលបានគូសបញ្ជាក់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាវាល្បាតគយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានរំពឹងថា ការបំពាក់នាវាល្បាតគយ ចំនួន២គ្រឿងនេះ នឹងចូលរួមចំណែក យ៉ាងសំខាន់បន្ថែមទៀតក្នុងការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធនៅក្នុងភូមិសាស្ត្រសមុទ្រ និងតំបន់ឆ្នេរនៃកម្ពុជា ហើយក៏អាចចូលរួមក្នុងការពង្រឹងសន្តិសុខលំហរសមុទ្រកម្ពុជាផងដែរ៕