ក្រុម U22 កម្ពុជា ប៉ះ​ជាមួយ​ក្រុម U22 វៀតណាម ដណ្ដើមយក​លេខ​៣

1578

​ភ្នំពេញ​៖ នៅ​ម៉ោង​៣៖៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា នឹងត្រូវ​ជួប​ជាមួយ​ក្រុម U22 វៀតណាម បន្ទាប់ពី​បរាជ័យ​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ថៃ ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៥-៣ នៅក្នុង​ពានរង្វាន់ AFF U22 Championship 2019 ដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​។​

ក្រុម U22 កម្ពុជា

ជាមួយនឹង​ការប្រកួត​ដ៏​សំខាន់​ដដែល លោក Felix Dalmas គ្រូបង្វឹក​ក្រុម U22 កម្ពុជា នៅតែ​ជឿជាក់​លើ​កូនក្រុម​របស់ខ្លួន ទោះបី​ពួកគេ​បាន​ចំណាយ​កម្លាំង​ដ៏​ខ្លាំង កាលពី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​ក៏ដោយ​។​

លោក Felix Dalmas គ្រូបង្វឹក​ក្រុម U22 កម្ពុជា

លោក Felix Dalmas ថា «​កីឡាករ​យើង​ពិតជា​ប្រើប្រាស់​កម្លាំង​ខ្លាំង ពេល​ជួប​ថៃ តែ​ខ្ញុំ​ជឿជាក់​យើង​នឹង​ស្ដារ​កម្លាំង​បាន​វិញ ក្រោយ​សម្រាក ១​ថ្ងៃ ដើម្បី​ប្រកួត​ទល់នឹង​ក្រុម U22 វៀតណាម​»​។​

ក្រុម U22 វៀតណាម

សូម​រំឭកថា កាលពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រុម U22 វៀតណាម បាន​ចំណាយ​កម្លាំង​ប្រកួត​ត្រឹម ៩០​នាទី​ប៉ុណ្ណោះ ក្រោយ​ចាញ់ U22 ឥណ្ឌូនេស៊ី ១-០ ផ្ទុយ​ពពី​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ដែល​ចំណាយពេល ១២០​នាទី​ប្រកួត​ជាមួយ​ថៃ តែ​សោកស្ដាយ ត្រូវ​ចាញ់​ដោយសារ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី ៥-៣ ។​

​ចំពោះ​កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃនេះ​វិញ បន្ទាប់ពី​ចប់​ការប្រកួត​រវាង​ក្រុម U22 កម្ពុជា និង U22 វៀតណាម គឺ​ក្រុម​ដំរី​សឹក​ថៃ ត្រូវ​ប៉ះ​ក្រុម U22 ឥណ្ឌូនេស៊ី ដើម្បី​ដណ្ដើម​ជើងឯក នា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​៕ ​