ភ្នំពេញ៖ ជំរឿនប្រជាជានឆ្នាំ២០១៩ បាននិងកំពុងដំណើរការនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជិត ៩លានដុល្លារ។ នេះបើយោងទៅតាម អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា ប្រាប់ទៅសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ។
លោក ស្រី ដា បានប្រាប់ថា “ជំរឿនទូទៅប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ត្រូវចំណាយថវិកាជិត៩លានដុល្លារ ដោយក្រៅពីនេះ អង្គការ UNFPA ជួយជំនាញការ និងភាគីចិនជួយសម្ភារ ដូចជា ឡាន និងម៉ូតូ”។

បើតាមការ គូសបញ្ជាក់ថា របស់លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីផែនការ ជំរឿននៅឆ្នាំ២០១៩នេះ ចំណាយ ច្រើនជាងជំរឿននៅក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០៨ ដែលចំណាយត្រឹមតែជាង៦លានដុល្លារអាមេរិកប៉ុណ្ណោះ។

ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

ទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ៕