ភ្នំពេញ៖ លោក វ៉ាង យ៉ាជុន (Wang Yajun) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណបក្សកុម្មុយនីស្តចិន បានអះអាងថា នឹងធ្វើយ៉ាងណាឲ្យការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធវិស័យឧស្សាហកម្ម នៅក្រុងព្រះសីហនុ មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការអះអាងរបស់លោក បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ។
នៅក្នុងជំនួបនេះ លោក វ៉ាង យ៉ាជុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និង ឯកឧត្តម សុង តាវ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជារបស់លោក វ៉ាង យ៉ាជុន នាពេលនេះ គឺដើម្បីជំរុញនឹងបន្តការធ្វើការរាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងមក។
លោក វ៉ាង យ៉ាជុន បានបញ្ជាក់ថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងកម្ពុជា និងចិននៅពេលនេះស្ថិតនៅលំដាប់ល្អបំផុត។ ចំពោះឯកសារទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នានៅពេលកន្លងមកនៅក្នុងកិច្ចប្រជុំខ្សែក្រវាត់ និងផ្លូវនៅប្រទេសចិននា គឺនឹងជំរុញទំនាក់ទំនរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំថែមទៀត ជាពិសេសគឺនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននិងប្រទេសទាំងពីរ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍ និងពង្រីកនូវកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត។
លោក វ៉ាង យ៉ាជុន បានជម្រាបជូនសម្តេចតេជោថា នៅពេលដែលលោកបានចុះពីយន្តហោះមកដល់រាជធានីភ្នំពេញ គឺលោកបានសង្កេតឃើញរាជធានីភ្នំពេញមានភាពរស់រវើកស្រស់ស្អាត និងមានសក្តានុពលជាច្រើនផងដែរ។ ក្នុងពេលស្នាក់នៅកម្ពុជា លោកនឹងទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគលើវិស័យឧស្សាហកម្មផ្សេងៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្រុងព្រះសីហនុ។ លោក យ៉ាជុន បញ្ជាក់ថា ចិននៅតែបន្តជំរុញការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជំរុញការបើកទីផ្សារសម្រាប់កម្ពុជា និងជួយដល់កម្ពុជាលើគ្រប់វិស័យ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ចិន និងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់ លោក វ៉ាង យ៉ាជុន ពាក់ព័ន្ធទៅនឹងទំនាក់ទំនងផង ជាមួយនឹងសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផង ជាពិសេសឈរលើឯកសារដែលបានចុះហត្ថលេខារួចហើយនោះ ដែលជាឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងសហគមន៍មួយ ជោគវាសនាមួយ ដែលបានចុះហត្ថលេខានៅពេលកន្លងមក។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រទេសចិនជាមិត្តក្នុងការជួយជំរុញការវិនិយោគចិនអោយបានកាន់តែច្រើនមកកាន់កម្ពុជា ស្របពេលនឹងការជួយជ្រោមជ្រែងបើកចំហរទីផ្សារកសិផល និងផលិតផលផ្សេងៗជាច្រើនទៀតរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិននោះ៕