ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបាត់បង់ EBA មិនបានធ្វើឱ្យកម្ពុជាស្លាប់ ហើយការមាន EBA ក៏មិនអាចធ្វើឱ្យកម្ពុជាមានបានដែរ អ្វីដែលសម្ដេច បារម្ភនេះគឺភាពស្ពឺកស្រពន់របស់មន្ត្រី ក្នុងការអនុវត្តការងារពង្រឹងលទ្ធភាពរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសស្វីសជាង១២០០នាក់ នាយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) នឹងបាត់បង់ដោយស្វ័យប្រវត្តិនៅពេល ដែលប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា៖ “បើសិនជាគេតម្រូវឲ្យយើងរកស៊ីបង់ពន្ធ យើងក៏បង់ពន្ធទៅ ហើយយើងមិនអោនក្បាលដាច់ខាតហើយ រឿងលក់អធិបតេយ្យ ឬយកអធិបតេយ្យ ទៅដូរជាមួយអ្នកណា”។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា៖ “សូមធ្វើការពិចារណាឱ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬ ដកចេញនូវភាពអនុគ្រោះពីប្រទេស អភិវឌ្ឍន៍តិចតួច ព្រោះការព្យួរ ឬ ដកចេញនេះ នឹងធ្វើឱ្យប្រទេសទាំងនោះ មិនអាចជួយពិភពលោកឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងមិនអាចជួយពួកគេឱ្យចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ ដែលចលនានេះគឺជាដំណើរផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ របស់អង្គការសហប្រជាជាតិ និង អង្គការពាណិជ្ជកម្មពិភពលោក”។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនេះ ក្រោមការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះធ្ងន់ធ្ងរ។

កម្ពុជាមានរយៈពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្ត នាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធរយៈពេលជាង១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះជារឿងភាពអយុត្តិធម៌បំផុត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មានដូចជា៖
- ការកែសម្រួលស្ថាប័នគយ ការដកកាំកុងត្រូលចេញពីតាមច្រក ព្រំដែន និងការលុបចោលនូវភ្នាក់ងារ កម្ពុជានាវាចរ (កាត់ថាកាំសាប) ជាដើម។
- បន្ថែមលើនេះ ក៏ មានការកាត់បន្ថយការស្កេន (Scan) ទំនិញ តាម ទូកុងតឺន័រដែលត្រូវដឹកចេញ ឬ នាំចូល ជាពិសេស ការនាំចេញផលិតផលសម្លៀកបំពាក់ និង ស្បែក ជើង
- ការកាត់បន្ថយថ្លៃសេវាលើកដាក់នៅតាមកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក
- និងការកាត់បន្ថយថ្លៃអគ្គិសនីជាដើម៕