កម្ពុជា​ ត្រៀម​ អង្ករ​ ចំនួន ៣០.០០០ តោន សម្រាប់​នាំចេញ​ទៅ​ប្រទេស​ទីម័រខាងកើត

497

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជា បានរៀបចំត្រៀមអង្ករចំនួន ៣០.០០០ តោនរួចជាស្រេច សម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយស្នើសុំឱ្យសហភាគីទីម័រខាងកើត ពិនិត្យលទ្ធភាព និងផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ។

ការអះអាងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជាមួយឯកអគ្គរាជទូតទីម័រខាងកើត ប្រចាំនៅកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា នាទីស្តីការក្រសួង។

ក្នុងជំនួបនោះ លោករដ្ឋមន្រ្ដី បានលើកឡើងពីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួចហើយ និងស្នើសុំឱ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ លោករដ្ឋមន្រ្ដី ក៏បានសម្ដែងការស្វាគមន៍ដល់វិស័យឯកជននៃប្រទេសទីម័រខាងកើត បើករោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញផងដែរ។

ដោយឡែក លោក អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត បានសម្តែងនូវភាពរីករាយ និងការគោរពចំពោះប្រទេស និងប្រជាជនកម្ពុជាជារួម ដែលបានចាត់ទុក និងរាប់អានប្រទេស និងប្រជាជនទីម័រខាងកើតជាបងប្អូន ព្រមទាំងបានជួយជ្រោមជ្រែងទីម័រខាងកើតក្នុងគ្រប់វេទិកាទាំងអស់។

លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនពីសកម្មភាពមួយចំនួនរបស់រដ្ឋាភិបាលទីម័រខាងកើត ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងនេះដែរ លោកឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់នូវបំណងក្នុងការនាំចូលអង្ករកម្ពុជាទៅប្រទេសទីម័រខាងកើត ដើម្បីផ្គត់ផ្គងទៅទីផ្សារទីម័រខាងកើត ក្រោយពីបញ្ហាជាប់គាំងនយោបាយនៅប្រទេសទីម័រខាងកើត ត្រូវបានដោះស្រាយ។ លោកទូត ក៏បានជម្រាបជូនថា ប្រទេសទីម័រខាងកើត មានកសិផលមួយចំនួនដែលអាចនាំចេញមកទីផ្សារកម្ពុជាផងដែរ។

ក្រៅពីនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថា នៅក្នុងវិស័យប្រេងឥន្ធនៈរបស់ទីម័រខាងកើត គឺកំពុងតែត្រូវការកម្មករ ហើយចំពោះកម្ពុជា រដ្ឋាភិបាលទីម័រខាងកើត នឹងផ្ដល់ការងារក្នុងវិស័យនេះ ចំនួន ៣.០០០ កន្លែងជូនដល់កម្ពុជា៕