ចិន ​ឱ្យ ​កម្ពុជា នាំចេញ​ ស្វាយស្រស់  ៥០ម៉ឺនតោន ទៅ​​ ប្រទេសចិន​ ដោយផ្ទាល់

748

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី០៩ ខែមីថុនា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ ទៅប្រទេសចិន។ ពិធីចុះហត្ថលេខា បានធ្វើឡើងក្រោមវត្តមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

បើតាមលោក វេង សាខុន បានឱ្យដឹងថា ផលិតកម្មផ្លែស្វាយស្រស់នៅកម្ពុជានាពេលបច្ចុប្បន្ន មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្កានុពលនូវភាពចាំបាច់ត្រូវដោះស្រាយរកទីផ្សារដើម្បីនាំចេញ។

លោក វេង សាខុន បានឱ្យដឹងបន្ថែមថា តាមស្ថិតិចុងក្រោយក្នុងឆ្នាំ២០១៩ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួន ១២៤,៣១៩ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន៩១,៣៩៨ហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥.៨៥តោនក្នុងមួយហិកតាក្នុងរដូវ ដែលជាមធ្យមកម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណ ១,៤៤៨,៦៧៧តោន ក្នុងមួយរដូវ។

លោករដ្ឋមន្ដ្រីកសិកម្ម បានបញ្ជាក់ថា ក្នុងចំណោមប្រភេទពូជស្វាយទាំង១៨ ដែលបានអភិរក្សនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពូជស្វាយកែវរមៀត ជាពូជស្វាយកម្ពុជា ដែលមានការនិយមដាំដុះច្រើនបំផុត ដោយពូជនេះ មានលក្ខណៈពិសេស ដែលអាចបរិភោគបានតាំងពីខ្ចី (ចំណាស់) និងរហូតដល់ទុំ។

គួរបញ្ជាក់ថា នេះជាជោគជ័យលើកទី២ លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ពីកម្ពុជាទៅចិនដោយផ្ទាល់ ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសចិន។

ក្រៅពីផ្លែស្វាយនេះ កម្ពុជា ក៏កំពុងចរចារជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ដោយផ្ទាល់ផងដែរ។ បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខហើយ ត្រូវបានភាគីចិនអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។

ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា បន្ទាប់ចុះហត្ថលេខាលើពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិននេះ កម្ពុជាអាចនាំចេញផ្លែស្វាយ មានគុណភាពខ្ពស់ ៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។ ការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន ដោយផ្ទាល់នេះ នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរផងដែរ។

របាយកាណ៍ របស់ក្រសួងកសិកម្ម បានឱ្យដឹងថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ (តួលេខផ្លូវការ) បាន ៤៤,០៩៩ តោនកើនឡើង ប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ២៩,២១៤ តោនប៉ុណ្ណោះ៕