គម្រោង​សាងសង់ ​ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សាងសង់​បាន​ជាង ២០ភាគរយ​ហើយ

701

ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង១៩០ គីឡូម៉ែត្រ សម្រេចបាន ២០,៦៥%ហើយ និងដោះស្រាយផលប៉ះពាល់បាន៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ២០២០។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ២០២២នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគប្រមាណ ២.០០០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ។

លោកអភិបាលខេត្ត បានលើកឡើងថា ការស្ថាបនា ផ្លូវល្បឿនលឿននេះ ពិតជាបានចូលរួមចំណែកដ៏ធំធេងក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ, ចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា។

សូមជម្រាបថា ខេត្តព្រះសីហនុ ជាខេត្តដែលមាន សក្តានុពលដូចជា កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០ទីតាំង ក្នុងនោះ ៤ទីតាំងកំពុងដំណើរការ និង៦ទីតាំងទៀតត្រៀមដំណើការ និងមានអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិសនិរតី» ៕

អត្ថបទ ៖ សន ពិសិដ្ឋ