វៀតណាម៖ ជំងឺប៉េស្តជ្រូកអាហ្វ្រីក ត្រូវបានគេរកឃើញ នៅក្នុងកសិដ្ឋានមួយកន្លែងតទៀត ស្ថិតក្នុងទីក្រុង Haiphong ភាគខាងជើង ប្រទេសវៀតណាម ដែលនេះគឺជាខេត្តទី៣ហើយនៅប្រទេសវៀតណាម ដែលបានរងការវាយប្រហារ ដោយវីរ៉ុសនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយឲ្យកាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈនេះ។
សត្វជ្រូកជាច្រើនក្បាល បានគេប្រទះឃើញស្លាប់ នៅក្នុងកសិដ្ឋាន ហើយសត្វជ្រុក៥ក្បាលទៀត ត្រូវបានគេរកឃើញថា មានផ្ទុកវីរ៉ុសជំងឺប៉េស្តជ្រូកអាហ្វ្រីក។
អាជ្ញាធរប្រទេសវៀតណាម កាលពីសប្តាហ៍មុនបានឲ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្វ្រីក ត្រូវបានគេរកឃើញ នៅកសិដ្ឋានចំនួន៣ ស្ថិតក្នុងខេត្ត Thai Binh និងខេត្ត Hung Yen ដោយនោះជាករណីដំបូង ដែលបានកើតមានក្នុងប្រទេសវៀតណាម។ អាជ្ញាធរ បានប្រមូលមករក្សាទុក នូវសត្វជ្រូកទាំងអស់ នៅឯកសិដ្ឋានក្នុងទីក្រុង Haiphong។
ជំងឺប៉េស្តជ្រូកអាហ្វ្រីក ដែលមិនអាចព្យាបាលបានសម្រាប់សត្វជ្រូក បានរីករាលដាលយ៉ាងខ្លាំង នៅទូទាំងប្រទេសចិន ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ នៅក្នុង២៥ ខេត្ត និងតំបន់។
នៅប្រទេសវៀតណាម សាច់ជ្រូក មានចំនួនប្រមាណ៣ភាគបួន នៃសាច់សរុបដែលប្រជាជនទទួលទាន និងមានសត្វជ្រូក ប្រមាណ៣០លានក្បាល ត្រូវបានចិញ្ចឹម ដើម្បីប្រើប្រាស់នៅក្នុងស្រុក៕