ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទឹកដីវៀតណាមហើយនៅព្រឹក ថ្ងៃអង្គារនេះ តាមរយៈរថភ្លើងពិសេសរបស់ខ្លួន ខណៈលោក ដូណាល់ ត្រាំ កំពុងជិះយន្ដហោះមកកាន់ទីក្រុងហាណូយ។
សារព័ត៌មានយ៉ុនហាប់ បានឲ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរយៈរថភ្លើងក្នុងចំងាយផ្លូវ ៤,៥០០គីឡូម៉ែត មកកាន់ស្ថានីយរថភ្លើងទីក្រុង Dong Dang របស់វៀតណាម ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសចិន នៅព្រឹកថ្ងៃអង្គារនេះ ហើយលោក គីម ជុងអ៊ុន នឹងត្រូវជិះរថយន្ដបន្តឆ្ពោះទៅកាន់ទីក្រុងហាណូយ ក្នុងចំងាយផ្លូវ១៧០គីឡូម៉ែត្រទៀត ដើម្បីមកដល់ទីកន្លែងកំណត់ ដែលមេដឹកនាំកូរ៉េខាងជើងរូបនេះ ត្រូវចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ៕