ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំ ឲ្យពលរដ្ឋត្រៀមទឹកទុកសម្រាប់ប្រើប្រាស់ នៅក្នុងរដូវប្រាំងខាងមុខ ព្រោះប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលដោយប្រយោលនៃបាតុភូត អែល នីណូ (El Nino) ដែលធ្វើឲ្យក្តៅហួតហែងខ្លាំងក្នុងខែមេសា និងឧសភា។
សារាចរណែនាំដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដោយបានលើកឡើងថា ឥទ្ធិពលបាតុភូត អែល នីណូ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសីតុណ្ហភាពឡើងខ្ពស់ នៅតំបន់ខ្លះរហូតដល់ចន្លោះ ៤០ ទៅ ៤២ អង្សាសេ មានភ្លៀងកក់ខែតិច មានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន និងធ្វើឲ្យរដូវវស្សាមកដល់យឺតជាងធម្មតា។
ជាការឆ្លើយតបនិងត្រៀមទប់ទល់ នៅក្នុងសារាចរ បានណែនាំពលរដ្ឋ ដែលប្រកបរបរធ្វើស្រូវប្រាំងកុំឲ្យបង្កបង្កើនផល ២ ដងក្នុងឆ្នាំនេះ និងត្រូវរក្សាទឹក ដែលមាននៅតាមអាង ឬនៅកន្លែងមានទឹកធម្មជាតិសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់ដំណាំរួមផ្សំផ្សេងទៀត។
ការណែនាំ ២ ចំណុច ត្រូវបានដាក់ចេញ សម្រាប់ស្ថាប័នពាក់ព័ន្ធ គឺត្រូវថែរក្សាទឹកទុកឲ្យបានល្អ សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងធ្លាក់ឡើងវិញ និងឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិនានា ដូចជាខ្យល់កន្ត្រាក់ជាដើម។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ទៅភ្នំពេញប៉ុស្ដិ៍ថា បាតុភូតអែលនីណូ កើតឡើងគ្របដណ្ដប់នៅផ្នែកផ្សេងៗនៃពិភពលោក ប៉ុន្តែផលប៉ះពាល់ខ្លាំងជាងគេ គឺនៅឆ្នាំ ២០១៦ ដែល ២ ភាគ ៣ នៃពិភពលោក បានរងផលប៉ះពាល់។ លោកពន្យល់ថា ឥទ្ធិពលនេះ គឺជាលទ្ធផលនៃការឡើងកម្ដៅផែនដី ដោយសារឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញដោយប្រទេសអ្នកមាន។ ប្រទេសអ្នកក្រដូចជាកម្ពុជា គឺជាអ្នករងគ្រោះ នៃការប្រែប្រួលអាកាសធាតុ។
លោក បានពន្យល់ទៀតថា៖ «ឥទ្ធិពលនៃបាតុភូតអែលនីណូ គឺបណ្ដាលមកពីការកើនឡើងសីតុណ្ហភាពនៅលើផ្ទៃសមុទ្រ ហើយសីតុណ្ហភាពកើនឡើងនៅលើផ្ទៃសមុទ្រនេះ បណ្ដាលមកពីក្រុមហ៊ុនឧស្សាហកម្មធំៗ នៅលើពិភពលោក»។
ខេត្ត ដែលនឹងទទួលរងឥទ្ធិពលខ្លាំងជាងគេ គឺនៅតំបន់ទំនាបកណ្ដាលភាគពាយព្យរបស់កម្ពុជា ដែលរួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងតំបន់ខ្ពង់រាបភាគខាងជើង រួមមានខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តំបន់ទាំង ២ នេះ អាចនឹងមានកម្ដៅរហូតដល់ ៤០ ឬ ៤២ អង្សាសេ។ ប៉ុន្តែឥទ្ធិពល អែលនីណូ នេះ នឹងមាននៅលើក្របខ័ណ្ឌនៅទូទាំងប្រទេស។
គួររំឭកថា កាលពីឆ្នាំ ២០១៥ និង២០១៦ កម្ពុជាធ្លាប់បានទទួលរងឥទ្ធិពលនេះម្ដងរួចហើយ ដែលនៅពេលនោះ តម្រូវឲ្យរដ្ឋាភិបាលដឹកទឹក ចែកជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។
លោក ចាន់ យុត្ថា បានឲ្យដឹងទៀតថា ឆ្លងតាមបទពិសោធពីពេលនោះ ឆ្នាំនេះរាជរដ្ឋាភិបាល ចេញសារាចរណែនាំ កុំឲ្យពលរដ្ឋផលិតស្រូវប្រាំង ២ លើកក្នុង ១ ឆ្នាំ។ លោកថា កាលពីឆ្នាំ ២០១៦ ខេត្តបន្ទាយមានជ័យ ទទួលរងគ្រោះខ្លាំងជាងគេ ហើយពេលនោះ ក្រសួងធនធានទឹកបានប្រើប្រាស់រយៈពេល ៣០ ថ្ងៃដើម្បីបូមទឹកពីអាងកំពីងពួយជាង ១០ លានម៉ែត្រគុប ដឹកលើចម្ងាយផ្លូវ ១១០ គីឡូម៉ែត្រ ដើម្បីបែងចែកទៅឲ្យពលរដ្ឋនៅស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ។
ក្រសួងធនធានទឹក និងឧតុនិយម បានបែងចែកក្រុមការងារចំនួន ១១ ក្រុមដើម្បីចុះណែនាំពលរដ្ឋនៅតាមខេត្តនានា ឲ្យយល់ដឹងពីការរក្សាទុកទឹក ដើម្បីត្រៀមឆ្លើយតបនឹងឥទ្ធិពលនេះ។ ក្រុមការងារបានចុះណែនាំដោយផ្ដោតលើ ២ ចំណុច រួមមានពន្យល់ពលរដ្ឋកុំឲ្យធ្វើស្រូវប្រាំង ២ ដង និងកុំឲ្យប្រើប្រាស់ទឹកខុសគោលដៅ៕