ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលមានប្រវែងជាង១៩០គីឡូម៉ែត្រ នឹងចាប់ផ្តើមបើការដ្ឋានសាងសង់យ៉ាងយូរនៅខែមីនាខាងមុខនេះ។ នេះជាការបញ្ជាក់ប្រាប់ជាថ្មីម្ដងទៀត របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៩ មករា ២០១៩ ក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារ២០១៩ នៅទីស្តីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ៖« ខ្ញុំសង្ឃឹមថានៅខែកុម្ភៈ ឬដើមខែមីនា យើងអាចបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុបានហើយ។ គ្រឿងចក្រដែលមានតម្លៃជាង ១០០លានដុល្លារ អាចនឹងមកដល់កម្ពុជានៅចុងខែមករានេះ, អ្នកបច្ចេកទេស វិស្វកម្ម ជាង២០០នាក់បានមកដល់ហើយ ដើម្បីបើការដ្ឋាន »។
បើតាមលោកទេសរដ្ឋមន្ត្រី គម្រោងផ្លូវល្បឿនលឿនមិនទាន់បានដោះស្រាយផលប៉ះពាល់បានទាំងស្រុងនៅឡើយទេ តែក្រសួងកំពុងរៀបចំជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ លោកទេសរដ្ឋមន្ត្រីថ្លែងថា ៖”យើងកំពុងតែជំរុញធ្វើយ៉ាងណា ដោះស្រាយផលប៉ះពាល់ដីធ្លីប្រជាពរលដ្ឋ។ ដោយឡែកដីសម្រាប់បើការដ្ឋានសាងសង់ផ្លូវល្បឿនលឿន មានទីតាំងហើយនៅភ្នំពេញ”។
ទាក់ទងគម្រោងផ្លូវល្បឿនលឿននេះ បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយ៉ា បានឱ្យដឹងថា ៖« ទីតាំងចាប់ផ្តើមពីភ្នំពេញ អាចចេញពីចំណុចផ្លូវរថភ្លើងកាត់ផ្លូវទំនប់កប់ស្រូវ ។ ផ្លូវរថភ្លើងកាត់ត្រង់ណា ចំណុចចាប់ផ្តើមនឹងចេញនៅត្រង់នោះ »។ ផ្លូវល្បឿនលឿននេះ មាន៤គន្លង, ទទឹងផ្លូវប្រវែង២៤ម៉ែត្រក្រាដោយកៅស៊ូAC,មានសូនច្បារចំកណ្តាល និងមានរបងសងខាង ដែលគ្រោយចំណាយពេលសាងសង់ប្រហែល៤ឆ្នាំ ក្រោមទិនវិនិយោគជិត២ពាន់លានដុល្លារ ។ ផ្លូវនេះ មានស្ពានវែង និងមធ្យមមាន៥៦កន្លែង, ស្ពានខ្លី៣៣កន្លែង, ស្ពានរម្លងឬផ្លោះផ្លូវ៣២១កន្លែង និងមានកន្លែងឈប់សម្រាកចំនួន៣កន្លែង ។
ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងកន្លងមកថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធជារឿង ប្រឈមមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែរដ្ឋាភិបាលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានរៀបចំគោលនយោបាយ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ លោកបណ្ឌិបន្តថា អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ គឺស្ថិតក្នុងទិសដៅត្រឹមត្រូវមួយហើយ ប៉ុន្តែលោកស្នើសុំឱ្យមានការពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃដើមនៃការដឹកជញ្ជូន ។
លោកថ្លែងថា ៖”វាជារឿងចាំបាច់ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀត ព្រោះបើចង់ឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង និងឈានទៅកាន់លំដាប់ថ្មី កម្ពុជាត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត “៕