កាលពីឆ្នាំ២០១៩ មានបុរសជនជាតិអាមេរិកម្នាក់ ប៉ុនប៉ង់បំផ្ទុះគ្រាប់បែក នៅទូតអាមេរិកប្រចាំកម្ពុជា

2106

ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយករដ្ឋាន អន្ដោប្រវេសន៍បាន ឲ្យដឹងថា មានបុរសម្នាក់ជាជនជាតិអាមេរិក បានចូលមកកម្ពុជា និងមានតម្រុយដែលផ្ដល់ដោយ អាជ្ញាធរសហរដ្ឋអាមេរិកថា បុរសម្នាក់នោះ មានបំណងបំផ្ទុះ គ្រាប់បែកនៅស្ថានទូត អាមេរិកប្រចាំកម្ពុជា កាលពីឆ្នាំ២០១៩ តែនៅពេលនោះ កម្ពុជា បានទប់ស្កាត់ទាន់ពេលវេលា ហើយក៏បានបញ្ជូនទៅប្រទេសដើមវិញ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងទៀតថា ហេតុការណ៍នេះកើតឡើងក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០១៩។ ប៉ុន្ដែទោះជាយ៉ាងណា ចំពោះសកម្មភាពប៉ុនប៉ងនេះ មិនទាន់ចេញជារូបរាងនោះទេ ពោលគ្រាន់តែជាព័ត៌មានដែលភាគីកម្ពុជាទទួលបាន ដោយស្នើសុំកិច្ចសហការពីបរទេសតែប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពជាក់ស្ដែងមិនទាន់មានទេ ប៉ុន្ដែគ្រាន់តែជាព័ត៌មានពីខាងក្រៅ ប្រទេសជាមិត្តភាគីពាក់ព័ន្ធថា បើមុខសញ្ញាហ្នឹងមក អាចមានអសន្ដិសុខអីដល់ស្ថានទូតអាមេរិក មានចេតនាមិនល្អ។ ចឹងយើងអត់ឲ្យចូលប្រទេស មកដល់យើងឲ្យចេញទៅវិញ។ គាត់មកដល់ច្រកទ្វារយើង គឺយើងបដិសេធមិនឲ្យចូលតែម្ដង»។

បើតាមនាយឧត្តមសេនីយ៍ អគ្គនាយកអន្ដោប្រវេសន៍ ប្រតិបត្តិការនេះសមត្ថកិច្ចកម្ពុជាធ្វើបានជោគជ័យ ដោយមានកិច្ចសហការល្អពីអាជ្ញាធរបរទេសដែលមានការពាក់ព័ន្ធ ដោយមិនបណ្ដោយឲ្យបទល្មើសកើតឡើងនោះឡើយ។

យ៉ាងណាក៏ដោយ សម្រាប់អត្តសញ្ញាណជនជាតិអាមេរិក ដែលប៉ុនប៉ងបង្កអសន្ដិសុខ នៅប្រទេសកម្ពុជា មិនត្រូវបាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ឲ្យដឹងនោះទេ ដោយហេតុថា ភាគីជាមិត្តដែលផ្ដល់ព័ត៌មានសុំឲ្យលាក់អត្តសញ្ញាណ៕