ក្រោយរាជរដ្ឋាភិបាល បិទ ហ្គេមអនឡាញ ចិន ជាង ២០ម៉ឺននាក់ បានចាកចេញពីកម្ពុជា

2176

ជនជាតិចិនប្រមាណជាង ២០ម៉ឺននាក់ បានចាកចេញពីប្រទេសកម្ពុជា ក្រោយរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបិទអាជីវកម្ម ហ្គេមអនឡាញ បើគិតរហូតមកដល់ខែធ្នូឆ្នាំ២០១៩នេះ។ នេះបើយោងតាមរបាយការណ៍​ ដែលបានបង្ហាញនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ក្នុងសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

យោងតាមរបាយការណ៍នេះ បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ ចំនួនជនបរទេស ដែលស្នាក់អាស្រ័យនៅកម្ពុជា រយៈពេលវែងបានកើនឡើងយ៉ាងគំហុក ជាពិសេស ជនជាតិចិន ដែលចូលមកធ្វើការនៅតាមកាស៊ីណូ និងហ្គេមអនឡាញ ។

របាយការណ៍បានសរសេរថា៖ “តាមទិន្នន័យ នៃការផ្តល់ទិដ្ឋាការ អនុញ្ញាតឲ្យបន្តស្នាក់នៅ មានចំនួនរហូតប្រមាណ ៤៥ម៉ឺននាក់ ក្នុងនោះជនជាតិចិន មានជាង៧០% ប៉ុន្តែចំនួននេះត្រូវបានថយចុះជាបណ្តើរៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសបញ្ឈប់ សកម្មភាពហ្គេមអនឡាញ កាលពីខែសីហា ។ រហូតមកដល់ចុងឆ្នាំ២០១៩ ចំនួនជនជាតិចិន ដែលចាកចេញពីកម្ពុជា មានប្រមាណជាង ២០ម៉ឺននាក់”៕