ខេត្តព្រះសីហនុ នឹង​ក្លាយជា​ខេត្ត​ដ៏​ស៊ីវិល័យ​ ក្នុងពេល ២០ឆ្នាំទៀត

676

ព្រះសីហនុ៖ គម្រោងវិនិយោគបង្កើតទីក្រុងទេសចរណ៍ដ៏សម្បើមមួយនៅខេត្តព្រះសីហនុ ត្រូវបានបង្ហាញជាផ្លូវការ ដោយប៉ាន់ប្រមាណថា នឹងប្រើប្រាស់ទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ ពុំធ្លាប់មានពីមុនមក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងប្រើពេលជាង ២០ឆ្នាំ ដើម្បីបញ្ចប់គម្រោងទាំងមូល ។

តំណាងក្រុមហ៊ុន ខានូពី ស៊េន ឌីវេឡុបម៉ិន ឯ.ក (CANOPY SANDS DEVELOPMENT CO., LTD) កាលពីសប្តាហ៍មុន បានបង្ហាញគម្រោងអភិវឌ្ឍន៍ប្លង់មេនៃទីក្រុងរាម លើផ្ទៃដី ៨៣៤ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដល់អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ។

គម្រោងនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនវិនិយោគរហូតដល់ ១៦ពាន់លានដុល្លារ ដែលនឹងក្លាយជាតំបន់ដែលមានសក្តានុពលធំបំផុតនៅតំបន់ឆ្នេរសមុទ្រកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្តល់ការងារធ្វើជាច្រើនសម្រាប់យុវជន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍បែបគំរូតាមទស្សនទាន “ស្អាត” ។

គម្រោងអភិវឌ្ឍន៍ក្រុងរាម ចែកជាបីជំហាន ក្នុងនោះ ជំហានទី១ បញ្ចប់នៅឆ្នាំ២០២៥, ជំហានទី២ បញ្ចប់ឆ្នាំ២០៣៥ និងជំហានទី៣ បញ្ចប់នៅឆ្នាំ២០៤៥។ គម្រោងនេះ រួមមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅ សាលប្រជុំ សាលសន្និសីទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះ ក៏មានកីឡាវាយកូនគោលផងដែរ។

គម្រោងនេះ នឹងត្រូវរៀបចំឆ្នេរខ្សាច់ស្អាតពីរកន្លែង ដើម្បីប្រើប្រាស់ជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៅតំបន់នោះផង ក៏ដូចជាសាធារណជន ចេញចូលប្រើប្រាស់តំបន់នោះ ដែលបច្ចុប្បន្នមិនទាន់មានឆ្នេរខ្សាច់សស្អាតនៅឡើយ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខានូពី ស៊េនឌីវេឡុបម៉ិន ឯ.ក ដែលបានធ្វើបទបង្ហាញគម្រោងប្លង់សាងសង់ក្រុងរាម និងសុំឱ្យសិក្សាបានលឿនឆាប់ចប់កាន់តែល្អ ដើម្បីលើកជាប៉ាណូទីតាំងបង្ហាញសាធារណជន និងស្នើឱ្យក្រុមហ៊ុនរៀបចំសិក្ខាសាលាដាក់បង្ហាញប្លង់មេរបស់ខ្លួនដល់គណៈវិស្វករ ដើម្បីប្រមូលធាតុចូល ក៏ដូចជាមតិយោបល់កែលម្អបន្ថែម ធ្វើគម្រោងប្លង់មេនេះកាន់តែល្អឥតខ្ចោះ ក្នុងការអភិវឌ្ឍទីក្រុងទំនើបស៊ីវិល័យ សម្រាប់ប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងមកលេងកម្សាន្តនៅខេត្ដព្រះសីហនុ។

គួររម្លឹកថា កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុពេលជួបសំណេៈសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាក្រុងព្រៈសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចពហុបំណងដ៏សំខាន់របស់កម្ពុជា ដោយសារទីតាំងភូមិសាស្រអំណោយផលល្អសម្រាប់វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ កំពង់ផែទឹកជ្រៅ និងខេត្តទេសចរណ៍តំបន់ឆ្នេរដ៏ទាក់ទាញ។

ជាមួយគ្នានោះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញពីក្តីស្រម៉ៃរបស់សម្តេច ដោយចង់ឃើញខេត្តព្រះសីហនុ ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នាពេលអនាគតផងដែរ៕