លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​

867

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអញ្ចើញទៅជួប លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។

ជំនួបរវាងលោក W.Patrick Murphy និង លោក កឹម សុខា នៅគេហដ្ឋានរបស់លោក កឹម សុខា មានរយៈពេលប្រហែលជាង ១ម៉ោង ដោយមានវត្តមានតែមនុស្សជំនិតរបស់ភាគីទាំង២ នៅក្នុងបន្ទប់ប្រជុំតែប៉ុណ្ណោះ។ បន្ទាប់ពីជំនួបនេះចប់ អ្នកសារព័ត៌មានបានត្រឹមតែដឹងថា ជំនួបនេះ គ្រាន់តែជាជំនួបសួរសុខទុក្ខធម្មតាប៉ុណ្ណោះ មិនមានជជែកអ្វីស៉ីជម្រៅ ពាក់ព័ន្ធបញ្ហានយោបាយនោះទេ។

លោក W.Patrick Murphy និង លោក កឹម សុខា

លោក កឹម សុខា បានបញ្ជាក់ក្រោយបញ្ចប់ជំនួបថា លោកមិនអាចនិយាយអ្វីបាននោះទេ ដោយសារតែលោកជាប់ក្នុងបំរាមនៅឡើយ ហេតុដូច្នេះហើយលោកក៏សូមអធ្យាស្រ័យចំពោះអ្នកសារព័ត៌មាន និងថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ បានចូលរួមផ្ដិតយករូបភាពក្នុងជំនួបរបស់លោក ជាមួយឯកអគ្គរដ្ឋទូត។

ចំណែកលោក W. Patrick Murphy បានថ្លែងបា្រប់អ្នកសារព័ត៌មាន ជាភាសាអង់គ្លេស ដែលត្រូវបានប្រែសម្រួលជាខេមរភាសា ដោយ VOD ​មានខ្លឹមសារថា៖ “ជាការឱ្យយោបល់​ ក្នុងនាមជាមិត្តមួយ​ កម្ពុជា គួរតែរកមធ្យោបាយ ក្នុងការធ្វើឱ្យលោក កឹម សុខា មានសេរីភាពវិញទាំងស្រុង ដោយទម្លាក់ចោលការចោទប្រកាន់លើគាត់ក៏ដូចជាអ្នកដទៃទៀត ដែលសេរីភាពរបស់ពួកគេត្រូវបានហាមឃាត់។ យើងចង់ឱ្យពួកគេមានសេរីភាព​ និងអនុញ្ញាតឱ្យដើរហើរទាំងក្នុង​ និងក្រៅប្រទេស​ ក្នុងការធ្វើទំនាក់ទំនង ដូច្នេះសំឡេងរបស់ពួកគេ នឹងត្រូវបានពិភពលោកបានឮ”។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ១១ វិច្ឆិកា លោក កឹម សុខា ក៏បានអនុញ្ញាតឱ្យលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ចូលជួបសួរសុខទុក្ខផងដែរ។ ក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូតបារាំង ត្រូវបានលោក មុត ចន្ថា នាយកខុទ្ទការល័យរបស់លោក កឹម សុខា អះអាងថា មិនមានជជែកអ្វីក្រៅពីការសួរសុខទុក្ខនោះឡើយ។

គួររំម្លឹកផងដែរថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការពីបទក្បត់ជាតិកាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលមួយឆ្នាំ។ លុះដល់ខែកញ្ញា ឆ្នាំ២០១៨ រូបលោកត្រូវបានផ្ទេរពីពន្ធនាគារត្រពាំងផ្លូវ មកឱ្យស្នាក់នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនអាចធ្វើដំណើរចេញពីក្នុងផ្ទះបាននោះឡើយ។

លោក កឹម សុខា

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ៕