កម្ពុជា មានពេលមួយខែទៀត ដើម្បីឆ្លើយតប ទៅនឹងរបាយការណ៍បឋមស្តីពីការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA

1047

គណៈ​កម្មការ​អឺរ៉ុប ​បាន​បញ្ចប់​របាយការណ៍​បឋម​ស្តីពី​ការ​ផ្អាកប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA ​ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា​ ហើយកាលពី​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​ ឆ្នាំ២០១៩នេះ​ហើយ។

តែទោះបីជាយ៉ាងណាក៏ដោយ ​សហភាព​អឺរ៉ុប ​​បាន​ទុក​ពេល​ឲ្យ​ កម្ពុជា មួយ​ខែ​ទៀត ​ដើម្បី​ប្រតិកម្មឆ្លើយតប​ចំពោះរបាយការណ៍​បឋម​ ស្តី​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ ដែល​ធ្វើ​ឡើង​នៅខែ​កុម្ភៈ​ឆ្នាំ ២០១៩​ ក្រោម​នីតិវិ​ធី​​ដក​ហូត​បណ្តោះអាសន្ន​ នូវ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ឬហៅកាត់ថា EBA។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ របស់​សហភាព​អឺរ៉ុប បានសរសេរថា៖ “ដោយអនុ​លោម​តាម​វិធាន​ដែល​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ ស្តីពី​គម្រោង​អនុគ្រោះពន្ធ​ទូទៅ​របស់​សហ​ភាព​អ៊ឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​រយៈ​ពេល​មួយ​ខែ​ទៀត​ ដើម្បី​ប្រតិកម្ម​ចំពោះ​របាយ​ការណ៍​បឋម​នេះ។​ បន្ទាប់​មក​គណៈកម្មការ​អឺរ៉ុប ​នឹង​បញ្ចប់​របាយការណ៍​ និង​ធ្វើ​ការ​សំរេច​ចិត្ត​នៅខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា​តើ​ត្រូវ​ដក​ ប្រព័ន្ធអនុ​គ្រោះពន្ធ​ EBA របស់​កម្ពុជា​ ជា​បណ្តោះ​អាសន្ន​ឬ​យ៉ាងណា​»​។

គួររំម្លឹកផងដែរថា ​គណៈកម្មការ​​សហភាព​​អឺរ៉ុប ​បាន​​ប្រកាស​ពី​ការ​​ចាប់​​ផ្តើម​​ដំណើរ​​ការ​នីតិវិធី​​ជា​​ផ្លូវ​ការ​​ ដែល​​អាច​​នឹង​​ឈាន​​ទៅ​​ដល់​​ការ​​ព្យួរ​​ជា​​បណ្តោះ​​អាសន្ន​នូវ​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ E​BA ​​ពី​​ប្រទេស​​កម្ពុជា​​ ចាប់​តាំង​ពី​​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១​៩មកម្លេះ ​បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង ​និង​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក ​កឹម ​សុខា ​ជា​ដើម​។​

​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ថ្មី​ប្រចាំ​នៅ​កម្ពុជា ​លោក​ស្រី ​Carmen​​ Moreno ​បានបង្ហាញក្ដីសង្ឃឹម​ថា ​កម្ពុជា​នឹង​អាច​រក្សា​បាន​នូវ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ពី​សហភាព​អឺរ៉ុប​នេះ ​នៅ​ក្នុង​ជំនួប​ជា​មួយ​លោក ប្រាក់ សុ​ខុន រដ្ឋ​មន្ត្រី​ការបរ​ទេស​កម្ពុជា​ ​កាល​ពី​ថ្ងៃទី ​០៨ ​វិច្ឆិកា​។

បើគ្មាន ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​អ្នកជំនាញខាងសេដ្ឋកិច្ច បានមើលឃើញថា កម្ពុជា ​នឹ​ង​ខាត​បង់​សាច់​ប្រាក់​ប្រមាណជា​ ៦០០​លាន​ដុល្លារ (អ្នកខ្លះថា ៧០០លានដុល្លារ) ​សម្រាប់​ការ​បង់​ពន្ធ ទៅលើ​ការ​នាំ​ទំនិញ​ចេញ ពីប្រទេសកម្ពុជា ទៅកា​ន់​ទីផ្សារ​សហភាព​អឺរ៉ុប ហើយរោងចក្រមួយចំនួន នឹងត្រូវផ្លាស់ប្ដូរទៅកាន់ប្រទេសផ្សេង ដែលមាន ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនាំឲ្យប្រជាជនខ្មែរ បាត់បង់ការងារ ដោយផ្ទាល់ និងដោយប្រយោល នៅក្នុងវិស័យគាត់ដេរ។

ទោះបីជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ទោះបីគ្មាន ប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ប្រទេសកម្ពុជាមិនស្លាប់ដែរ។

​ក្នុងករណីសហភាពអឺរ៉ុប​រកឃើញថា មានការរំលោភគោលការណ៍ ក្នុងអនុសញ្ញាស្តីពីសិទ្ធិមនុស្សនិងសិទ្ធិការងារ ដែលមានចុះក្នុងឧបសម្ព័ន្ធទី ៨ នៃបទបញ្ញត្តិ GSP​ នោះ​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA របស់កម្ពុជា អាចនឹងត្រូវបានផ្អាក៕