ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ហាក់មានសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះកំណែទម្រង់ ដែលនឹងប្រកាសជាកញ្ចប់នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយសម្ដេចមិនខ្វល់ចំពោះរឿង EBA ទាល់តែសោះ និងថែមទាំងបានមានប្រសាសន៍ថា “បើគេដកអាភាពអនុគ្រោះ (EBA) ពីយើង (កម្ពុជា) ក៏មិនធ្វើឲ្យយើង (កម្ពុជា) ស្លាប់ដែរ”។
សម្ដេចបានលើកឡើងបែបនេះនៅក្នុងពេលជួបជាមួយកម្មករជាង ១ ម៉ឺននាក់នៅខេត្តពោធិ៍សាត់កាលពីថ្ងៃពុធទី២០ ខែមីនា ឆ្នាំ២០១៩ ខណៈដែលគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ លោកស្រី Paola Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃដំណើរការ តាមដាន និងវាយតម្លៃ មុនឈានដល់ការសម្រេចចិត្តផ្អាក ឬមិនផ្អាក EBA ពីប្រទេសកម្ពុជា។
សម្ដេច ហ៊ុន សែន បានថ្លែងថា៖ “ខ្ញុំអត់មានអីត្រូវខ្លាចញញើតនិយាយទេ។ អ្នកណាមកត្រួត? ហើយខ្ញុំបាននិយាយហើយតើ ខ្ញុំបាននិយាយហើយ បើសិនគេផ្ដល់ភាពអនុគ្រោះឲ្យយើង យើងក៏មិនអាចក្លាយជាអ្នកមានបានទេ។……… បញ្ហាធំគឺនៅត្រង់យើងកែទម្រង់។ ថ្ងៃ ២៩ នឹងប្រកាសជាកញ្ចប់ នៃកំណែទម្រង់តែម្ដង ដើម្បីធានាថា សេដ្ឋកិច្ចកម្ពុជា មិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅនោះទេ”។
លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់បន្ទាប់ពីគណៈប្រតិភូសហភាពអឺរ៉ុប បានចូលជួបប្រជុំបិទទ្វារ ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ថា សហភាពអឺរ៉ុបមកក្នុងឱកាសនេះ គឺដើម្បីជួបសន្ទនាត្រង់ទៅត្រង់មក ជាមួយកម្ពុជា លើរឿងសំខាន់២ ដែលរួមមាន លំហនយោបាយនៅកម្ពុជា និងសកម្មភាពនៃការចូលរួមនយោបាយក្នុងសង្គមប្រជាធិបតេយ្យ។
លោក ផាត សុផានិត បានប្រាប់ទៀតថា សម្ដេចក្រឡាហោម ស ខេង បានឆ្លើយតបវិញដោយលើកឡើងថា រាជរដ្ឋាភិបាលតែងចាត់ទុក NGOs ជាដៃគូ និងខិតខំលើកកម្ពស់នូវភាពជាដៃគូរ ដូចដែលបានអនុវត្តរួចមកហើយ។ សម្រាប់ការចូលរួម នៅក្នុងសកម្មភាពនយោបាយវិញ កម្ពុជាឈរលើមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ ហើយ គោលការណ៍លទ្ធិ-ប្រជាធិបតេយ្យសេរីពហុបក្ស គឺមាននៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា
បើទោះបីជាមិនទាន់ល្អឥតខ្ចោះក៏ដោយ។
ចំណែកកិច្ចប្រជុំ របស់សហភាពអឺរ៉ុប ជាមួយលោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ត្រូវបានលោក លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ “កិច្ចពិភាក្សានៅថ្ងៃនេះ គឺជាការបន្ដសន្ទនារឿងនីតិវិធី EBA ហើយភាគីទាំងពីរ សុទ្ធតែបានប្ដេជ្ញាថា នឹងរក្សាស្ថានភាព EBA មិនឲ្យបាត់បង់ទេ”។
គួររំម្លឹកថា នៅមុនពេលគណៈប្រតិភូរបស់សហភាពអឺរ៉ុប មកធ្វើទស្សនកិច្ច លោក សម រង្ស៊ី បានសរសេរលិខិតរំឭក លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ឲ្យសហភាពអឺរ៉ុបប្រកាន់ខ្ជាប់ឲ្យបានម៉ឺងម៉ាត់ នូវផែនការក្នុងការជួយស្តារប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបបានបញ្ជាក់ថា សហភាពអឺរ៉ុប គឺមិនគាំទ្រទៅលើបុគ្គលណាមួយ ឬក៏គណបក្សនយោបាយណាមួយនោះទេ ប៉ុន្តែអ្វីដែលសហភាពអឺរ៉ុបចង់បាននោះ គឺគ្រាន់តែសហភាពអឺរ៉ុបគាំទ្រ នូវគោលការណ៍រួម ដើម្បីឲ្យគ្រប់សមាសធាតុ នៅក្នុងសង្គមបានចូលរួមចំណែក ជាមួយគ្នាក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
ប្រទេសកម្ពុជា មានរយៈពេល៦ខែក្នុងតវ៉ា និងចរចាជាមួយគណៈកម្មការអឺរ៉ុប ដើម្បីរក្សានូវ EBA បន្ទាប់ពី គណៈកម្មការអឺរ៉ុបបានប្រកាសដំណើរនីតិវិធី ព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ។ ការសម្រេចព្យួរ EBA ពីកម្ពុជា ត្រូវការរយៈ ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបអាចចូលជាធរមាន ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលការបកស្រាយរបស់កម្ពុជានោះ៕