ភ្នំពេញ៖ យូអិនឌីភី (UNDP) នៅកម្ពុជា និងក្រុមហ៊ុន 4PX Express ដែលជាផ្នែកមួយនៃក្រុមហ៊ុន Alibaba Cainiao Logistics Group បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្តីពីការកសាងប្រព័ន្ធអេកូ (ecosystem) ដើម្បីគាំទ្រដល់ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) និងប្រព័ន្ធពាក់ព័ន្ធជាមួយផ្នែកដឹកជញ្ជូននៅកម្ពុជា ក្រោមអធិបតីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោកជំទាវ ឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជា, លោកនាយកប្រតិបត្តិក្រុមហ៊ុន Shenzhen 4PX Express Co., LTD, តំណាងអង្គការ UNDP ប្រចាំកម្ពុជា, លោកនាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុន ShopRunBack, លោកឧកញ៉ាប្រធានក្រុមហ៊ុន World Bridge Group និងភាគីពាក់ព័ន្ធជាច្រើនទៀត។
ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីជំរុញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ដោយមានមូលដ្ឋានទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអភិវឌ្ឍសមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងតំបន់ ដើម្បីបង្ហាញពិភពលោកពីផលិតផលរបស់ខ្លួនតាមរយៈវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសកលរបស់ក្រុមហ៊ុន អាលីបាបា ដោយសហការជាមួយក្រុមហ៊ុន 4PX Epress។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ភាពជាដៃគូនេះ នឹងជួយកសាងសមត្ថភាព ដល់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដើម្បីដាក់លក់ផលិតផលរបស់ពួកគេ នៅលើឆាកអន្តរជាតិ តាមរយៈថ្នាលដែលបានបង្កើតឡើងដោយក្រុមហ៊ុន Alibaba ក៏ដូចជាទាញយកផលិតផល និងសេវាកម្ម តាមប្រព័ន្ធអ៊ីនធឺណែត នៅទូទាំងពិភពលោក សម្រាប់ប្រទេសកម្ពុជាផងដែរ។
លោក ស៊ុន ចាន់ថុល បន្តថា៖ «រដ្ឋាភិបាលប្រទេសកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា ប្តេជ្ញាក្នុងការប្រែក្លាយប្រទេសកម្ពុជាជាទីតាំងកណ្តាល ក្នុងការផ្លាស់ប្តូរទំនិញ និងសេវាកម្មសម្រាប់ប្រទេសក្នុងតំបន់អនុទន្លេមេគង្គ»។

លោករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាជាតិភស្តុភារកម្ម នឹងជួយសម្របសម្រួលដល់រំហូរការងារដឹកជញ្ជូនទំនិញ និងសេវារបស់ក្រុមហ៊ុនទាំងនោះឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យពួកគេមានសក្ដានុពលក្នុងការពង្រីកវិសាលភាពរបស់ខ្លួនទាំងក្នុងតំបន់ និងពិភពលោក ដោយរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្បូរបែប និងតភ្ចាប់គ្រប់ច្រកល្ហក ព្រមទាំងមានមណ្ឌល ឬឃ្លាំងស្តុកទំនិញតាមស្តង់ដាអន្តរជាតិ និងការសម្រួលដល់នីតិវិធីឯកសាររដ្ឋបាលផងដែរ។
ក្រុមហ៊ុន Shenzhen 4PX Express បានឲ្យដឹងថា ប្រព័ន្ធអេកូ (ecosystem) ដែលផ្តួចផ្តើមដោយក្រុមហ៊ុន 4PX, យូអិនឌីភី (UNDP) និងដៃគូ នឹងផ្តល់ឲ្យប្រជាជនកម្ពុជា អាចទិញទំនិញ និងលក់ទំនិញ នៅទូទាំងពិភពលោក ដោយគ្មានភាពលំបាកណាមួយ និងជួយប្រទេសកម្ពុជា ឲ្យទទួលបានអត្ថប្រយោជន៍ពីទីផ្សារសកលនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានសម្ដែងការគាំទ្រចំពោះគម្រោងវិនិយោគ របស់ក្រុមហ៊ុន Shenzhen 4PX និងបានស្នើសុំឲ្យក្រុមហ៊ុននេះ បោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕