ប្រទេសចិន៖ ប្រជាជនចិន បានប្រតិកម្មទៅនឹងការសម្ពាធរបស់សហរដ្ឋអាមេរិក ចំពោះក្រុមហ៊ុន Huawei ដោយបានប្រកាសឈប់ប្រើប្រាស់ ផលិតផលរបស់ក្រុមហ៊ុន Apple របស់អាមេរិកវិញ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃពុធ ដែលហាមប្រាមក្រុមហ៊ុនទូរគមនាគមន៍អាមេរិក មិនឲ្យប្រើប្រាស់និងដំឡើងឧបករណ៍បរិក្ខាររបស់បរទេស ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងដាក់បទបញ្ជាដាច់ដោយឡែកមួយទៀត ដែលហាមមិនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក លក់បច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុន Huawei ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអាមេរិក។

អ្នកប្រើប្រាស់ចិនបានសរសេរថា៖ មុខងាររបស់ស្មាតហ្វូន Huawei គឺស្រដៀងទៅនឹង Apple iPhone ឫក៏ល្អជាងនេះ។ យើងមានជម្រើសក្នុងការប្រើប្រាស់ស្មាតហ្វូនល្អបែបនេះ ហេតុអ្វីយើងនៅតែប្រើ Apple?”
គណនីភាសាចិនមួយនៅលើបណ្ដាញ Twitter បានប្រតិកម្មនៅក្នុងរបៀបស្រដៀងគ្នានេះដែរថា៖ “ចំពោះសង្គ្រាមពាណិជ្ជកម្មដែលបានចាប់ផ្តើម ដោយសហរដ្ឋអាមេរិកនោះ ប្រទេសចិនបានបង្ហាញអាកប្បកិរិយារបស់ខ្លួនយូរមកហើយថា មិនចង់ប្រយុទ្ធនោះទេ ប៉ុន្តែក៏មិនភ័យខ្លាចនៅក្នុងការប្រយុទ្ធចំពោះសង្គ្រាមនេះដែរ “។
បើយោងតាមរបាយការណ៍ ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះ ២០% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨ ខណៈដែលការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានកើនឡើងជិត ២៥% ក្នុងរយៈពេលដូចគ្នា។

លោក Tim Cook អគ្គនាយកក្រុមហ៊ុន Apple បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់អ្នកវិនិយោគទុនកាលពីខែមករាថា “យើងមិនបានមើលឃើញ ពីទំហំនៃការកាត់បន្ថយខាងផ្នែកសេដ្ឋកិច្ចនេះទេ ជាពិសេសនៅក្នុងប្រទេសចិន” ។
ក្រុមអ្នកវិភាគនៅក្រុមហ៊ុន JP Morgan បានប៉ាន់ស្មានថា ក្រុមហ៊ុន Apple នឹងត្រូវបង្កើនតម្លៃ iPhone រហូតដល់ 14 ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្មបន្ថែមទៀត ដែលគ្របដណ្តប់លើពន្ធ ដែលអាចកើតមានរបស់សហរដ្ឋអាមេរិក ក្នុងទំហំ ៣០០ ពាន់លានដុល្លារ ក៏នឹងរួមបញ្ចូលទាំងកុំព្យូទ័រយួរដៃ និងស្មាតហ្វូន ដែលគេហៅថា “ម៉ាស៊ីនដំណើរការទិន្នន័យដោយស្វ័យប្រវត្តិ” នៅក្នុងសំណើរបស់រដ្ឋាភិបាល ដែលនឹងធ្វើឲ្យ Apple កាន់តែពិបាក៕