ធនាគារពិភពលោក នឹង​ផ្តល់ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​អភិវឌ្ឍ​កម្ពុជា រយៈពេល ៥​ឆ្នាំ​

1909

ភ្នំពេញ​ (KT)​៖ ធនាគារពិភពលោក បាន​យល់ព្រម​ផ្ដល់ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ ដល់​កម្ពុជា​ដើម្បី​អភិវឌ្ឍ​វិស័យ​នានា​ដែល​ចាំបាច់ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​គណៈប្រតិភូ​ធនាគារ​ពិភពលោក ក្នុងអំឡុងពេល​កិច្ចប្រជុំ​ថ្មី​មួយ​ជាមួយ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​រាយការណ៍​ថា នៅ​ចុងខែ​នេះ ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារពិភពលោក នឹង​អនុម័ត​ថវិកា​ចំនួន ១​ពាន់​លាន​ដុល្លារ ដែលជា​ផ្នែក​មួយ​នៃ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៣​។​

​ធនាគារពិភពលោក បាន​សរសើរ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​បាន​និយាយថា ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​នេះ​។​

​លោក វ​ង្សី វិស្សុត បាន​មាន​លើកឡើងថា ប្រទេស​កម្ពុជា កំពុងមាន​កំណើនសេដ្ឋកិច្ច​ខ្លាំង ប៉ុន្តែ​ប្រទេស​កម្ពុជា ជួបប្រទះ​បញ្ហា​ប្រឈម​ខ្លាំង ចំពោះ​ការអភិវឌ្ឍ​របស់ខ្លួន​។​

លោក វ​ង្សី វិស្សុត

​លោក វ​ង្សី វិស្សុត បាន​បន្តថា ”​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​រចនាសម្ព័ន្ធ​ដូចជា មូលដ្ឋាន​សេដ្ឋកិច្ច​តូចចង្អៀត កង្វះ​ពលកម្ម​ជំនាញ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង ការអភិវឌ្ឍន៍​ទីក្រុង ដែល​ទាមទារ​ការវិនិយោគ​ក​ម្រិ​ត​ខ្ពស់​”​។​

​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គិត​ត្រឹម​ឆ្នាំ ២០១៨ ប្រទេស​កម្ពុជា​បាន​ខ្ចីប្រាក់​ចំនួន ១,១៤១ ពាន់​លាន​ដុល្លារ​ពី​ធនាគារពិភពលោក​៕