លោក ស៊ុន ចាន់ថុល​៖ “​សុំឱ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នេះ​ឱ្យបាន​ជាប់ យ៉ាងតិច​៩​ឆ្នាំ​”

1554

ភ្នំពេញ​៖ “​សុំឱ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នេះ​ឱ្យបាន​ជាប់ យ៉ាងតិច​៩​ឆ្នាំ​” នេះ​គឺជា​ការលើកឡើង​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយនឹង​ក្រុមហ៊ុន Harship Engineering and Construction Co., Ltd ដែល​ទទួលបាន​សិទ្ធិ​ក្នុង​ជួសជុល​សាងសង់ កែលម្អ​ផ្លូវជាតិ​លេខ​២ ចាប់ផ្ដើម​ពី​រង្វង់​មូល​តាខ្មៅ ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដល់​រង្វង់​មូល​អូរ​ចំបក់ ស្ថិតក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ និង​ផ្លូវជាតិ​លេខ​២២ ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ផ្សារ​អង្គតាសោម​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ គឺជា​គម្រោង​ក្រោម​ឥណទាន​សម្បទាន​ពី​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ (Export-Import Bank of Korea) នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) ដែលមាន​ចំនួន​ទឹកប្រាក់​សរុប ៥៦.១០០.០០០ ដុល្លារ​សហរដ្ឋអាមេរិក (Loan Agreement)​។ គម្រោង​នេះ​ឆ្លងកាត់​រាជធានី​/​ខេត្ត ចំនួន​បី ក្នុងនោះ​មាន ខេត្តកណ្តាល រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ មាន​ប្រវែង​ផ្លូវ​សរុប ៧២,១៧ គីឡូម៉ែត្រ​។ គម្រោង​ផ្លូវជាតិ​លេខ​២ ចាប់ផ្តើម​ពី​រង្វង់​មូល​តាខ្មៅ (​ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​) ដល់​រង្វង់​មូល​អូរ​ចំបក់ (​ស្ថិតក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ​) និង​ផ្លូវជាតិ​លេខ​២២ ពី​រង្វង់​មូល​អូរ​ចំបក់​ដល់​ផ្លូវជាតិ​លេខ​៣ ត្រង់​ផ្សារ​អង្គតាសោម​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្តថា​៖ “​ទាល់តែ​យើង​គោរព​ច្បាប់​ចរ​រាច​រណ៍​ផង គោរព​ច្បាប់​ដឹកទំនិញ​ផង កុំ​គេ​ឱ្យ​ដឹក​៣០​តោន ដឹក​រហូតដល់​៥០​តោន ៦០​តោន ចង់​ធ្វើ​ផ្លូវ​យ៉ាង​មិច​ក៏​មិន​ជាប់​ដែរ​”​។​

​សូមបញ្ជាក់ថា គម្រោង​នេះ នឹងធ្វើ​ការពង្រីក​លើផ្លូវ​ចាស់​ដោយ​ក្រាល​កៅស៊ូ AC (Asphalt Concrete) សាងសង់​ស្ពាន​ថ្មី ចំនួន ១១​កន្លែង និង​ស្ថាបនា​លូ​រំដោះ​ទឹកភ្លៀង មាន​លូ​ជ្រុង​កាត់​ទទឹង​ថ្នល់ ៥៦​កន្លែង និង​លូ​មូល​កាត់​ទទឹង​ថ្នល់ ១៧​កន្លែង​។ ការស្ថាបនា​គ្រោង​នឹង​ប្រើ​រយៈពេល ៣០​ខែ (​ប្រហែល ២​ឆ្នាំកន្លះ​)​។​

​គម្រោង​នេះ​បែងចែក​ជា​បី​កំណាត់​ផ្លូវធំៗ មានដូចជា​៖

កំណាត់​ទី​១៖ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​តាខ្មៅ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ដែលមាន​ប្រវែង ៨,៧៤ គ​.​ម​។ ពង្រីក​ពី ២ គន្លង ទៅ ៤ គន្លង ដែល​នៅ​តំបន់​ទីប្រជុំជន ប្រវែង ៤,៣៣២ គ​.​ម មាន​ទទឹងផ្លូវ ១៥​ម ផ្លូវ​ម៉ូតូ ០,៥​ម x ២ + ផ្លូវ​រថយន្ត (៣,៥​ម x ២​គន្លង​) x ២ និង​ក្រៅ​តំបន់​ទីប្រជុំជន​មាន​ទទឹងផ្លូវ ២០,៥​ម [ ផ្លូវ​ម៉ូតូ ២,៥​ម x ២ + ផ្លូវ​រថយន្ត (៣,៥​ម x ២​គន្លង​) x ២ + មេ​ដ្យា​ន ១,៥​ម ] ។ កំណាត់​ផ្លូវ​នេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១២​សម​។

​កំណាត់​ទី​២៖ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ដល់​រង្វង់​មូល​អូរ​ចំបក់ ដែលមាន​ប្រវែង ៥៣,៨១៩ គ​.​ម ស្ថិតក្នុង​តំបន់​ជនបទ​។ កំណាត់​ផ្លូវ​នេះ​មាន ២​គន្លង និង​ទទឹង ១៣​ម (​ផ្លូវ​ម៉ូតូ ៣​ម x ២ + ផ្លូវ​រថយន្ត ៣,៥​ម x ២) ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១០​សម​។​

​កំណាត់​ទី​៣៖ ចាប់ផ្តើម​ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតាសោម (​ផ្លូវជាតិ​លេខ​២២) ដែលមាន​ប្រវែង ៩,៦១១ គ​.​ម ស្ថិតក្នុង​តំបន់​ជនបទ​។ កំណាត់​ផ្លូវ​នេះ​មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣​ម (​ផ្លូវ​ម៉ូតូ ៣​ម x ២ + ផ្លូវ​រថយន្ត ៣,៥​ម x ២) ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១០​សម​៕​