Bloomberg ៖ ក្នុងលក្ខណៈជាឯកជន លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គិតថា សន្ធិសញ្ញាការពារជាតិជាមួយជប៉ុន ជាង ០៦ទសវត្សរ៍ កន្លងមកនេះមានភាពលម្អៀងចំពោះអាមេរិក ដោយសារតែនៅពេលជប៉ុនរងការវាយប្រហារ សហរដ្ឋអាមេរិកមានតួនាទីត្រូវតែទៅជួយជប៉ុន ប៉ុន្តែក្នុងករណីអាមេរិករងការវាយប្រហារវិញនោះ ជប៉ុនពុំមានកាតព្វកិច្ច ត្រូវមកជួយការពារអាមេរិកឡើយ។
ហេតុអ្វីជប៉ុន មិនអាចជួយអាមេរិកវិញ ក្នុងករណីអាមេរិករងការវាយប្រហារវិញនោះ?
ព្រោះចាប់តាំងពីចាញ់សង្គ្រាមលោកមក ជប៉ុនពុំមានយោធាផ្លូវការ ឬក៏សិទ្ធិប្រកាសសង្គ្រាម ជាមួយប្រទេសណាមួយទៀតឡើយ។ រដ្ឋធម្មនុញ្ញ ក្រោយសង្គ្រាមលោក របស់ប្រទេសជប៉ុន កំណត់មិនអនុញ្ញាតឱ្យមានកងកម្លាំងយោធា សម្រាប់វាយលុក ឬសម្រាប់ធ្វើសង្គ្រាមនោះទេ។ ប្រទេសជប៉ុន មានត្រឹមតែកងកម្លាំងស្វ័យការពារ (Self Defence Force – SDF) ដើម្បីរក្សាសន្តិភាព, ឯករាជ្យ និងសុវត្ថិភាព របស់ប្រទេសជប៉ុនខ្លួនឯងតែប៉ុណ្ណោះ។
លោក ដូណាល់ ត្រាំ បានបង្ហាញនូវអារម្មណ៍មួយនេះ តែដូចមិនទាន់មានវិធានការណាមួយ ពាក់ព័ន្ធចំពោះរឿងនេះនៅឡើយទេនោះទេ ព្រោះលោក ដូណាល់ ត្រាំ មានជំហរមួយគឺធ្វើអ្វីៗដើម្បីអាមេរិកជាមុន (America First) ដើម្បីឲ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត (Make America Great Again)។
សន្ធិសញ្ញាការពារជាតិជាមួយជប៉ុន ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥១ រួមជាមួយសន្ធិសញ្ញាទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលបានបិទបញ្ចប់សង្គ្រាមលោកទីពីរជាផ្លូវការ ហើយត្រូវបានកែសម្រួលនៅឆ្នាំ ១៩៦០ ដែលផ្តល់សិទ្ធិឲ្យអាមេរិកបោះមូលដ្ឋានទ័ព នៅលើទឹកដីជប៉ុនជាថ្នូរនឹងការសន្យាថា អាមេរិក គឺជាអ្នកការពាររបស់ប្រទេសជប៉ុន ប្រសិនបើជប៉ុនរងការវាយប្រហារណាមួយនោះ៕