ក្រុមហ៊ុន​វិនិយោគ​ចំនួន ២៧ កំពុង​វិនិយោគ លើដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១០ម៉ឺន​ហិកតា នៅខេត្តរតនគិរី

1566

រតនគិរី៖ បច្ចុប្បន្នខេត្តរតនគិរី មានក្រុមហ៊ុនចំនួន ២៧ ដែលទទូលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគនៅលើទំហំផ្ទៃដីសម្បទានសេដ្ឋកិច្ចចំនួន ១២៤.៦៦៩ហិកតា ក្នុងនោះ អនុវត្តការដាំដុះ បានចំនួន ៥៥.០៤ហិកតា។ នេះបើយោងតាមការឱ្យដឹងពីលោក ថង សាវុន អភិ​បាលខេត្តរនគិរី ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានឱ្យដឹងថា ក្នុងចំណោមដីសម្បទាននោះ មានការវិនិយោគលើដំណាំកៅស៊ូ  ដែលមានចំនួន ២៥.០២១ហិកតា ស្វាយចន្ទីចំនួន ១.៥០៦ហិកតា ចេកអំបូងលឿងចំនួន ៨.៤៩៣ហិកតា ស្រកានាកចំនួន ៤៨០ ហិកតា ខ្នុរចំនួន ៧៦៣ហិកតា ដូង ចំនួន ៥៥៥ហិកតា និងស្វាយចំនួន ៣.៨៤៨ហិកតា។ ក្រៅពីនោះ ដីសម្រាប់ប្រភេទឈើហូបផ្លែផ្សេងៗដូចជា ទុរេន តាង៉ែន មៀន ក្រូច និងម្នាស់ជាដើម។ ក្នុងឆ្នាំ២០១៩កន្លងមក ខេត្តភូមិភាគឦសាន្តមួយនេះ បានធ្វើការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណចំនួន ៦៧.៦០៤តោន គិតជាទឹកប្រាក់ប្រមាណ ៣៧លានដុល្លារ។

លោក ថង សាវុន បញ្ជាក់ថា នៅក្នុងខេត្តរតនគិរី មានរោងចក្រកែច្នៃកៅស៊ូក្រែបចំនួន ៧ទីតាំង និងសិប្បកម្មកៅស៊ូសន្លឹកមាន ៩ទីតាំង មានបរិមាណជ័រកៅស៊ូក្រែបជាធម្យម ៣០.៤៧៩ តោនក្នុងមួយឆ្នាំ និងរោងចក្រកែច្នៃដំឡូងមី ១ទីតាំង កំពុងកែច្នៃជាផលិតផលពាក់កណ្តាលសម្រេចដើម្បីនាំចេញ។

ចំពោះក្រុមហ៊ុនវិនិយោគ រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម និងគ្រឹះស្ថានឯកជនក្នុងខេត្តសរុបមានចំនួន ២៣០ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារ និងកំពុងបានផ្តល់ការងារដល់បុគ្គលិក កម្មករប្រមាណ ១១.១៣៦នាក់  និងមានអង្គការក្រៅរដ្ឋាភិបាលចំនួន ៣៩កំពុងប្រតិបត្តិការក្នុងខេត្តនេះ។

បច្ចុប្បន្នខេត្តរតនគិរី មានតម្រូវការកម្លាំងពលកម្មប្រមាណ ២០០០នាក់បន្ថែមទៀត លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម នេះបើតាមការលើកឡើងដោយលោក ថង សាវុន អភិបាលខេត្តរនគិរី៕

ដោយ៖ គង់ ប៊ុនណា