ភ្នំពេញ៖ ឧកញ៉ា សុខ ប៊ុន និងបក្ខពួក៥នាក់ ដែលពាក់ព័ន្ធករណីក្លែងលិខិតយកដីអ្នកស្រុក នៅលើកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានចាប់បញ្ចូនមកកាន់តុលា ដោយអង្គភាពប្រឆាំងអំពើរពុករលួយ និងកំពុងបើកការស៊ើប ដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។
អង្គភាពប្រឆាំងអំពើរពុករលួយ បានចាប់បញ្ជូនខ្លួន ឧកញ៉ា សុខ ប៊ុន និងបក្ខពួក៥នាក់ មកកាន់តុលាការ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធការឃុបឃិតគ្នាជាប្រព័ន្ធ យកដីសហគមន៍របស់អ្នកស្រុក ទៅលក់យកលុយចែកគ្នា។

មន្ដ្រីស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ប្រាប់ថា៖ “នេះករណី ប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាចប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ មន្ត្រីនៅកោះរុង៥នាក់ និងអ្នករកស៊ីម្នាក់គឺឧកញ៉ា សុខ ប៊ុន ត្រូវបានជាប់អង្កេត និងត្រូវបានបញ្ជូនទៅតុលាការព្រឹកនេះ ក្រោយ អ.ប.ព ឃាត់ខ្លួនស្តាប់ចម្លើយ៧២ម៉ោង”។
ជនទាំង៦នាក់ ដែលបានបញ្ជូនមកសាលាដំបូង រួមមាន៖
១-ឈ្មោះសុខ ប៊ុន អគ្គនាយកសុខ ប៊ុន គ្រុប ។
២-ឈ្មោះកែវ ពៅ ជាមេភូមិព្រែកស្វាយ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
៣-ឈ្មោះកែវ សោម ចៅសង្កាត់រងទី២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
៤-ឈ្មោះហែម សាឡេះ ជាសមាជិក ក្រុមប្រឹក្សា សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
៥-ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
៦-ឈ្មោះ អ៊ួង និត ប្រធានក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ៕