សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការសិក្សាទីតាំងសួនច្បារនានា ក្នុងរាជធានីភ្នំពេញ ឲ្យក្រុមហ៊ុនឯកជន វិនិយោគធ្វើជា ចំណតរថយន្តក្រោមដី ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ និងការចតរថយន្តតាមចឹញ្ចើមផ្លូវគ្មានរបៀបរាបរយ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បញ្ហានៅភ្នំពេញសព្វថ្ងៃនេះ រឿងសំខាន់តែ២ទេ។ រឿងទី១ គឺកកស្ទះឡានគ្មានកន្លែងចត ឥឡូវកំពុងតែឲ្យសិក្សា សួនច្បារមួយចំនួនដែលអាចធ្វើបាន ប្រគល់ឲ្យវិស័យឯកជន ជីករូងក្រោមដី បី-បួនជាន់ទៅខាងក្រោម ហើយនាំគ្នាធ្វើកន្លែងដាក់ឡាន រាប់ទាំងសួនច្បារ ហ៊ុន សែន តែអាណិតកុំធ្វើ នៅមុខព្រះបរមរាជវាំង។ សួនច្បារមួយចំនួន ដែលអាចធ្វើបានត្រូវធ្វើ ដើម្បីមានកន្លែងចតឡាន ដែលអនុញ្ញាតឲ្យវិស័យឯកជនវិនិយោគធ្វើ បើមិនអីចឹងចតនៅពេញតែចឹញ្ចើមផ្លូវ។ ឯករឿងទី២ គឺបញ្ហាសំរាម»។
ចំពោះបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជាប្រជាពលរដ្ឋ បើហូបអាហារហើយ មិនត្រូវបោះពាសវាលពាសកាល និងមិនធ្វើឱ្យសំរាមរាយប៉ាយនោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញប្រជាពលរដ្ឋ ត្រូវចេះការពាររាជធានីភ្នំពេញរបស់ខ្លួន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយល្អ។ សម្តេចតេជោ ក៏បានព្រលយចង់អនុវត្តន៍វិធានការ ចំពោះអ្នកចោលសំរាមផ្តេសផ្តាស ដូចទៅនឹងប្រទេសសិង្ហបុរីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការពិត យើងនិយាយឲ្យត្រង់បើប្រជាជនម្នាក់ៗចេះ កុំបោះចោលសំរាមប្រហែលជាគ្មានសំរាម គ្មានថង់ប្លាស្ទិកហើរតាមខ្យល់នោះទេ ប៉ុន្តែហូបហើយបោះហូបហើយបោះ ចង់ស៊ិនទ្រី ១០០ស៊ិនទ្រីទៀត ក៏នៅតែងាប់ដែរ ថ្ងៃក្រោយមានតែវិធីមួយទេ ធ្វើដូចសិង្ហបុរី គឺគេចាប់វៃអ្នកបោះសំរាមផ្តេសផ្តាស»។
សូមជម្រាបថា នៅក្នុងរាជធានីភ្នំពេញ មានចំណតរថយន្តក្រោមដី ទៅតាមសួនច្បារសាធារណៈមួយចំនួន ត្រូវបានសាងសង់ដោយក្រុមហ៊ុនឯកជន ដោយខ្លះបានដំណើរការរួចហើយ និងមួយចំនួនទៀតកំពុងតែសាងសង់ ដូចជា ចំណតរថយន្តក្រោមដី នៅសួចច្បារព្រះ សក្យ មុនី ចេតិយ ដែលសាងសង់ដោយក្រុមហ៊ុន OCIC, ចំណតរថយន្តក្រោមដីដែលវិនិយោគក្រុមហ៊ុនវឌ្ឍនៈ ជាប់អគារពាណិជ្ជកម្មវឌ្ឍនៈ, ចំណតរថយន្តក្រោមដី នៅអតីតសួនច្បារទីលានប្រជាធិបតេយ្យ និងចំណតរថយន្តក្រោមដីសួនច្បារមុខក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម៕