ចិន គ្រោង​បោះទុន ៣០​លាន​ដុល្លារ ដាំ​ដុះ ចេកអំបូង​លឿង លើ​ផ្ទៃដី​១៥០០​ហិកតា​នៅ កម្ពុជា​

2763

​ការវិនិយោគ​លើក ដំណាំ​ចេកអំបូង​លឿង នៅ​កម្ពុជា កំពុង​តែមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង ដោយ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ជាច្រើន បាន​កំពុងតែ​ដាំ​ដុះ និង​នាំ​ចេញទៅ​ទីផ្សារ​អន្ដរជាតិ ជាពិសេស​ប្រទេស​ចិន​។​

​ដោយ​មើលឃើញ​ពី​សក្ដានុពល នៃ​ចេកអំបូង​លឿន​នៅ​កម្ពុជា ក្រុមហ៊ុន​ចិន​មួយ ដែលមាន​ឈ្មោះថា Beijing Capital Agribusiness Group (CAG) ដែលមាន​ទីស្នាក់ការ​ធំ នៅ​ទីក្រុង​ប៉េកាំង កំពុងធ្វើការ​សិក្សា​រៀបចំ​ផែនការ​វិនិយោគ​តម្លៃ​ជាង​៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ការដាំដុះ​ដំណាំ​ចេកអំបូង​លឿង​នៅ​កម្ពុជា លើ​ផ្ទៃដី​ជាង​១,៥០០​ហិកតា​។​

​ការបញ្ជាក់​ពី​គម្រោង នៃ​ការវិនិយោគ​លើ​ដំណាំ​ចេកអំបូង​លឿង នៅក្នុង​ប្រទេស​កម្ពុជា ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជួប​ជាមួយ​លោក Li Zhijun អគ្គនាយក​នៃ​មន្ទីរ​កសិកម្ម និង​កិច្ចការ​ជនបទ​ក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​នេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម បាន​បញ្ជាក់ថា «​ពាក់ព័ន្ធ​ទៅនឹង​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា លោក Li Zhijun បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Beijing Capital Agribusiness Group (CAG) ដែលមាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​ប៉េកាំង​កំពុងធ្វើការ​សិក្សា រៀបចំ​ផែនការ​វិនិយោគ​តម្លៃ​ជាង ៣០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើ​ការដាំដុះ​ដំណាំ​ចេកអំបូង​លឿង​នៅ​កម្ពុជា លើ​ផ្ទៃដី​ជាង​១,៥០០​ហិកតា​នាពេល​អនាគត​»​។​

​ពាក់ព័ន្ធ​នឹង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន CAG លោក ងិន ឆាយ បាន​បញ្ជាក់ថា ការងារ​នេះ​ពិតជា​សមស្រប និង​សំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា ពីព្រោះ​វិស័យ​កសិកម្ម​កម្ពុជា​គឺមាន​សក្តានុពល​ខ្ពស់​។​

​មួយវិញទៀត ផែនការ​វិនិយោគ​នេះ ស្របតាម​គោលនយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​កម្ពុជា ក្នុងការ​ជំរុញ​ការធ្វើ​កសិកម្ម​ទំនើប ការកែច្នៃ ការ​វេច​ខ្ចប់ និង​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ស្តង់ដារ​អន្តរជាតិ​។​

​អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​ឲ្យ​ដឹង​ទៀតថា កិច្ចប្រជុំ​រវាង​អគ្គនាយកដ្ឋាន​កសិកម្ម​កម្ពុជា និង​អគ្គនាយក​នៃ​មន្ទីរ​កសិកម្ម និង​កិច្ចការ​ជនបទ​ក្រុង​ប៉េកាំង ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​មាន​ជាអាទិ៍​៖

​ទី​១៖ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា រៀបចំ​កិច្ចពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ចិន ដែល​កំពុង​បំពេញបេសកកម្ម​នៅ​កម្ពុជា ដើម្បី​បង្កើន​កិច្ចសហការ និង​ផ្លាស់ប្តូរ​បទពិសោធន៍​។​

​ទី​២៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​កម្ពុជា គាំទ្រ​លើកទឹកចិត្ត ហើយនឹង​ផ្តល់​កិច្ចសហការ​អស់​លទ្ធភាព​ជាមួយ​ក្រុម​ហ៊ុន CAG ធ្វើយ៉ាងណា​ឲ្យ​គម្រោង​វិនិយោគ​ទទួលបាន​ជោគជ័យ ដើម្បី​ជា​ប្រយោជន៍ ដល់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​ទី​៣៖ ភាគី​ទាំងពីរ បាន​ឯកភាព​ផ្លាស់ប្តូរ​បទពិសោធន៍ និង​រួមគ្នា​ពិនិត្យ ស្រាវជ្រាវ​បច្ចេកទេស​កសិកម្ម និង​ផលិត​កម្មពូជ​ដំណាំ ដោយ​ប្រើ​បច្ចេកទេស​ថ្មី​ទំនើប​

​ទី​៤៖ បង្កើន​កិច្ចសហប្រតិបត្តិការ លើ​ការងារ​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​លើកកម្ពស់​ការផលិត និង​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ពិសេស​ទីផ្សារ​ប្រទេស​ចិន​។​

​សូមបញ្ជាក់ថា រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៩​នេះ កម្ពុជា បាន​នាំចេញ​ផ្លែ​ចេក ជាង​១១​ម៉ឺន​តោន ទៅកាន់​ប្រទេស​វៀតណាម ចិន និង​ជប៉ុន​៕​