សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងតែធ្វើការពិចារណា ក្នុងការដកអត្ថប្រយោជន៍សេដ្ឋកិច្ចចេញពីប្រទេសកម្ពុជា បន្ទាប់ពីការបោះឆ្នោតដែលបានធ្វើឡើងកាលពីឆ្នាំមុន។ គណបក្សកាន់អំណាចទទួលបានអាសនៈសភាទាំងអស់ ពីព្រោះតែគណបក្សប្រឆាំង មិនអាចដំណើរការបាន។ មេដឹកនាំបក្សប្រឆាំង ត្រូវបានគេដកសិទ្ធិក្នុងការធ្វើនយោបាយ ហើយគណបក្សរបស់ពួកគេទៀតសោតត្រូវបានរំលាយ។
តាមរយៈស្តង់ដាររបស់លោកខាងលិច ការបោះឆ្នោតនៅប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាមានស្តង់ដារប្រជាធិបតេយ្យតិច ខណៈដែលលទ្ធផលគឺមានភាពអយុត្តិធម៌។ ទោះយ៉ាងណា គ្មានការតវ៉ាណាមួយកើតឡើងផងដែរ។ ផ្ទុយទៅវិញ វាបែរជាមានអារម្មណ៍ធូរស្បើយពីសំណាក់ប្រជាជនសាមញ្ញទៅវិញ នៅពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់។
ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះ បាននិងកំពុងកើនឡើងជាលំដាប់ជាមធ្យម ៧,៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ ដែលធ្វើអោយប្រទេសនេះក្លាយជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត នៅលើពិភពលោក។ រាជធានីភ្នំពេញកាន់តែដើរតាមទីក្រុងអាស៊ីផ្សេងទៀត ដែលមានសណ្ឋាគារលំដាប់ផ្កាយ ៥ អាគារខ្ពស់ៗ និងភោជនីយដ្ឋានប្រណិតជាច្រើន ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការគ្មានភាពក្រីក្រធ្ងន់ធ្ងរ ខណៈដែលករណីនេះត្រូវបានគេមើលឃើញញឹកញាប់ នៅតាមទីក្រុងធំៗនៅលើពិភពលោក។ ខេត្តសៀមរាប ដែលមានបឹងទន្លេសាប បានជម្រុញវិស័យទេសចរណ៍អន្តរជាតិ ឲ្យទៅកាន់ប្រាសាទអង្គរវត្ត ដែលទទួលបានភ្ញៀវទេសចរ រាប់លាននាក់ជារៀងរាល់ឆ្នាំ។ ចំណែកឯក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងឈូងសមុទ្រថៃវិញ កំពុងតែមានការរីកលូតលាស់ ជាមួយនឹងវិស័យកំពង់ផែ ក្នុងការបង្កើនចំនួនកុងតឺន័រ ដែលផ្ទុកទៅដោយសម្លៀកបំពាក់ កង់ និងផលិតផលផ្សេងៗទៀត សម្រាប់ទីផ្សារពិភពលោក។ ការវិនិយោគរបស់ប្រទេសចិន និងជប៉ុនកំពុងតែហូរចូលមក ដែលវាហាក់ដូចជាមានការប្រកួតប្រជែងរវាងគ្នានិងគ្នា។
ខ្ញុំបានមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាជាលើកដំបូង ក្នុងនាមជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីនៅឆ្នាំ ១៩៩៩។ នៅតាមដងផ្លូវទៅកាន់ប្រាសាទអង្គរវត្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចម ប្រសិទ្ធ បានធ្វើការលើកឡើងពីចំណុច ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានរួចផុតពីការវាយប្រហារមួយ កាលពីពីរសប្តាហ៍មុន។ ប្រទេសកម្ពុជានៅពេលនោះ មិនមែនជាប្រទេស ដែលមានសុវត្ថិភាពខ្លាំងនោះទេ ខណៈដែលអាវុធមាននៅគ្រប់ទីកន្លែងទាំងអស់។
ស្រ្តីអ្នកគ្រប់គ្រងសណ្ឋាគារ ផ្នែកធនធានមនុស្សសញ្ជាតិសឹង្ហបូរីមួយរូប ត្រូវប្រឈមមុខជាមួយនិងបុគ្គលិកម្នាក់ ដែលមានគ្រាប់បែកនៅក្នុងដៃ។ នៅពេលនោះ ស្រ្តីរូបនោះត្រូវចំណាយរយៈពេលជាងមួយម៉ោង ដើម្បីបញ្ចុះបញ្ចូលឱ្យបុគ្គលិកម្នាក់នោះ បញ្ឈប់ការប្រើប្រាស់គ្រាប់បែក។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំបានសួរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីការប៉ុនប៉ងឆក់យកជីវិតរបស់លោក។ លោកបានឆ្លើយប្រាប់ខ្ញុំថា លោកដឹងច្បាស់ថាអ្នកណាបញ្ជាលើករណីនេះ ប៉ុន្តែលោកមិនបានតបតវិញនោះទេ ក៏ព្រោះតែគោលបំណងសំខាន់របស់លោក គឺដើម្បីទទួលបានសន្តិភាព។
បើគ្មានស្ថេរភាពនយោបាយនោះទេ ប្រទេសកម្ពុជាមិនអាចសម្រេចបាន នូវការអភិវឌ្ឍសេដ្ឋកិច្ចទេ។ មានប្រទេសតិចណាស់ ដែលបានឆ្លងកាត់រឿងដ៏សែនអាក្រក់ ដូចដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ ១៩៧០ តាមរយៈការគាំទ្រដោយសហរដ្ឋអាមេរិក ឧត្តមសេនីយ៍ឯក លន់ នល់ បានដឹកនាំរដ្ឋប្រហារប្រឆាំងនឹងសម្តេចសីហនុ ខណៈដែលសហរដ្ឋអាមេរិកយល់ថា វាជាកិច្ចការរារាំងការប្រយុទ្ធប្រឆាំងនឹងកុម្មុយនីស្តនៅវៀតណាម។ បើគ្មានសកម្មភាពពីព្រះបាទសម្តេចព្រះ នរោត្តម សីហនុដើម្បីឱ្យមានតុល្យភាពទេ ប្រទេសមួយនេះប្រាកដជារលាយ ទៅជាសង្គ្រាមស៊ីវិលយ៉ាងឆាប់រហ័សបាត់ទៅហើយ។
ខ្មែរក្រហមកុម្មុយនិស្ត ប្រឆាំងនឹងវៀតណាម ទទួលបានជ័យជំនះ និងបានកាន់កាប់ទីក្រុងភ្នំពេញនៅខែមេសាឆ្នាំ ១៩៧៥ មុនពេលដែលទីក្រុងហាណូយ ដណ្តើមកាន់កាប់សៃហ្គននៅខែបន្ទាប់។ កងកម្លាំងសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសវៀតណាមខាងត្បូងកាលពីពីរឆ្នាំកន្លងទៅ។
ស្ថិតនៅក្នុងការគ្រប់គ្រងមនោគមន៍វិជ្ជា ក្នុងការបង្កើតសង្គមកម្ពុជាឡើងវិញ ហើយមួយផ្នែកទៀត ដោយការភ័យខ្លាចថាប្រទេសវៀតណាម នឹងដាក់សម្ពាធមកលើប្រទេសកម្ពុជា ពួកខ្មែរក្រហមបានជម្លៀសចេញពីភ្នំពេញយ៉ាងឆាប់រហ័ស ហើយបានអនុវត្តរបបប្រល័យពូជសាសន៍ក្នុងសង្គម។ ពេលនោះគឺជាឆ្នាំដែលប្រទេសជាតិ ធ្លាក់ទៅក្នុងកម្រិតសូន្យ ខណៈដែលគ្មានរដ្ឋមន្រ្តី មន្ត្រី មន្ត្រីជាន់ខ្ពស់កងទ័ព មេដឹកនាំជំនួញ ប្រជាជនវណ្ណៈកណ្តាល មិនមានសមាជិកគ្រួសារ ហើយសាច់ញាតិត្រូវរងទារុណកម្ម និងត្រូវបានសម្លាប់ក្នុងកំឡុងពេលនោះ។
រហូតមកដល់សព្វថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទូចឱ្យប្រទេសកម្ពុជា សងប្រាក់កម្ចីចំនួន ១៥០ លានដុល្លារ ដែលរដ្ឋាភិបាលរបស់លោក លន់ នល់ បានយកទៅទិញស្បៀងអាហារ និងអាវុធមុនពេលអនុញ្ញាតឱ្យ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តល់ប្រាក់កម្ចីដល់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
ជាគោលការណ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុខចិត្តលះបង់ប្រាក់កម្ចីទាំងនេះ ទៅកាន់រដ្ឋាភិបាលអាមេរិក ចំពោះប្រាក់កម្ចីដែលយកដោយ ជនក្បត់ ដែលបានបំផ្លាញប្រទេស។ ជាការពិត រដ្ឋាភិបាលសហរដ្ឋអាមេរិក មានទស្សនៈខុសគ្នាខ្លាំង។
ទោះបីជាមានការសម្លាប់ប្រជាជនស្ទើរតែទាំងស្រុង ដោយខ្មែរក្រហមកាលពីប៉ុន្មានទសវត្សរ៍មុនក៏ដោយ សង្គមកម្ពុជាកំពុងតែមានការអភិវឌ្ឍ គួរឱ្យកត់សម្គាល់។ វាគឺជាការងើបឡើងវិញ ដែលមិនគួរឱ្យជឿ ដែលវាហាក់បីដូចជាដើមឈើមួយ ដែលនៅសល់តែគល់ ហើយបែជារីកលូតលាស់ជាពន្លកថ្មីមកវិញ។
មូលហេតុគឺត្រូវបានរកឃើញ នៅក្នុងឫសគល់នៃសង្គមខ្មែរ។ ចក្រភពខ្មែរមានប្រវត្ដិសាស្ដ្រដ៏យូរលង់ ចាប់តាំងពីសហវត្សដំបូងមកម្លេះ។ ផ្ទៃដីមានទំហំធំជាងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលសព្វថ្ងៃលាតសន្ធឹងដល់ប្រទេសថៃ ឡាវ និងវៀតណាម។
វាត្រូវបានផ្អែកលើប្រព័ន្ធស្មុគស្មាញ នៃការគ្រប់គ្រងទឹកនៅក្នុងតំបន់ន្លេសាប និងដីសណ្តរទន្លេមេគង្គ។ បឹងទន្លេសាប គឺជាធនធានទឹកដ៏ធំមួយ ដែលលាតសន្ធឹងនៅពេលដែលទន្លេមេគង្គស្ថិត ក្នុងស្ថានភាពទឹកជំនន់ ហើយរួមតូចក្នុងកំឡុងខែដែលរាំងស្ងួត។ ក្រោមលក្ខខណ្ឌនៃសន្តិភាព សណ្ឋានដី គឺមានសភាពគ្រប់គ្រាន់ ដែលអាចជួយឱ្យអារ្យធម៌ខ្មែរដ៏អស្ចារ្យមួយ មានការរីកចម្រើន។
ប្រាសាទអង្គរវត្ត មានភាពល្បីល្បាញ។ អ្វីដែលគេមិនសូវបានដឹង គឺការរកឃើញនៅភ្នំគូលែន ដែលជាទីក្រុងមួយ ដែលមានទំហំប៉ុនភ្នំពេញសព្វថ្ងៃ។ តាមរយៈរូបភាពផ្កាយរណបបង្ហាញថា អង្គរមានតំបន់ទីក្រុងឧស្សាហកម្មដ៏ធំបំផុត នៅលើពិភពលោកក្នុងអំឡុងសតវត្សទី ១១ ដល់ ១៣ ។
អរិយធម៌ខ្មែរ បានផ្តល់ឱ្យប្រទេសថៃ នូវវប្បធម៌ដ៏ខ្ពង់ខ្ពស់ ដែលជាការបង្ហាញដ៏អស្ចារ្យមួយ ដែលត្រូវបានគេមើលឃើញកំឡុងពេលគ្រងរាជ្យរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn កាលពីខែឧសភា នៅពេលដែលព្រះមហាក្សត្រ បានកាន់ដាវចាស់របស់ខ្មែរ ដែលជាផ្នែកមួយនៃរាជវង្ស។ នៅសតវត្សរ៍ទី ១៣ អធិរាជម៉ុងហ្គោល Yuan Dynasty បានបញ្ជូនបេសកជនជាន់ខ្ពស់ ដែលមានឈ្មោះថា Zhou Daguan មកកាន់អង្គរ។ លោកបានស្នាក់នៅរយៈពេល ៣ ខែនៅទីនោះ ហើយបានសរសេររៀបរាប់យ៉ាងលំអិតអំពីភាពរុងរឿងរបស់អង្គរ។
នេះគឺជាអត្ថន័យនៃភាពអស្ចារ្យ ជាប្រវត្តិសាស្ត្រ ដែលពន្យល់អំពីការកើតឡើងវិញនៃប្រទេសកម្ពុជា។ បញ្ញវន្តខ្មែរ ដែលបានរួចផុតពីឆ្នាំ ដែលប្រទេសជាតិត្រូវបានបំផ្លាញហើយក្លាយជាជនភៀសខ្លួន នៅក្នុងទឹកដីបរទេស មិនដែលភ្លេចថា ពួកគេជានរណានោះទេ ខណៈដែលមនុស្សមួយចំនួន បដិសេធមិនទទួលយកសញ្ជាតិបរទេស។
តាំងពីពេលនោះមក មនុស្សជាច្រើនបានត្រឡប់មក កាន់ប្រទេសកំណើតវិញ។ ព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានចាកចេញដោយស្ទាក់ស្ទើរ ពីទីក្រុងប៉ារីស ជាកន្លែងដែលព្រះអង្គជាអ្នករបាំដ៏សប្បាយរីករាយ ក្នុងការវិលត្រឡប់ចូលមកកាន់ប្រទេសជាតិវិញ ដើម្បីគ្រងរាជ្យជាព្រះមហាក្សត្រ ក្នុងការស្ដាររបបរាជានិយម។ ដូចគ្នាទៅនឹងជនរួមជាតិរបស់ព្រះអង្គជាច្រើន ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ជ្រាបពីកាតព្វកិច្ចដ៏ជ្រាលជ្រៅ ចំពោះប្រជាជនរបស់ព្រះអង្គ។
គ្មានអ្វីដែលចម្លែកនោះទេ ដែលពួកអាណានិគមបារាំង មានការគោរពយ៉ាងខ្លាំងចំពោះអរិយធម៌ខ្មែរ។ នៅឯសារមន្ទីរ Guimet Museum of Paris នៃទីក្រុងប៉ារីស អរិយធម៌ខ្មែរត្រូវបានលើកឡើង ជាការគោរពយ៉ាងអស្ចារ្យ។ លោក Jacques Chirac អតីតប្រធានាធិបតីបារាំង បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិល្បៈមួយនេះ ហើយបានបង្ហាញចំណេះដឹងគួរឱ្យភ្ញាក់ផ្អើល នៅពេលដែលលោកបានឃើញរូបចម្លាក់ខ្មែរ ដែលត្រូវបានដាក់តាំងបង្ហាញនៅប្រទេសសិង្ហបុរី នៅពេលដែលលោកជារដ្ឋមន្រ្តីក្រសួងការបរទេស។
នៅពេលដែលប្រទេសវៀតណាម មានការបែងចែក ដោយមានការគាំទ្រពីសហភាពសូវៀត ហើយបានឆ្លងចូលប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧៨ ដើម្បីកម្ចាត់របបខ្មែរក្រហម មនុស្សជាច្រើន បូករួមទាំងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ក្វាន់យូ ផងដែរ បានគិតថា ប្រទេសវៀតណាមដែលគាំទ្រដោយសូវៀត នឹងក្លាយជាម្ចាស់អាណានិគមថ្មី របស់កម្ពុជាដែលទទួលបានពីបារាំងឥណ្ឌូចិន។
បន្ទាប់ពីរយៈពេល ១០ ឆ្នាំ ស្ថិតក្រោមការសម្របសម្រួលសម្ពាធ ពីប្រទេសចិន សហរដ្ឋអាមេរិក និងអាស៊ាន ប្រទេសវៀតណាមបានដកថយ។ ប៉ុន្មានឆ្នាំក្រោយមក តាមរយៈការតវ៉ាទាមទារប្រាសាទព្រះវិហារ ប្រទេសថៃនិងកម្ពុជា បានឈានដល់សង្គ្រាមនៅឆ្នាំ ២០០៨ ។
ក្នុងសមរភូមិ ទាហានខ្មែរក្រហមដ៏ខ្លាំងក្លានៅខាងកម្ពុជា អាចនឹងក្លាយជាកម្លាំងដែលសំខាន់សម្រាប់តទល់នឹងកម្លាំងថៃ។ តាមរយៈការទទួលខុសត្រូវល្អៗរបស់អាស៊ាន ការយល់ដឹងនិងសន្តិភាពត្រូវបានរក្សា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាបស្ចឹមប្រទេស សម្ដែងការព្រួយបារម្ភថា ប្រទេសកម្ពុជាកំពុងតែមានការជិតស្និត នឹងប្រទេសចិន ដែលរីកលូតលាស់ខាងសេដ្ឋកិច្ច។
នៅពេលដែលប្រទេសកម្ពុជា រារាំងបញ្ហានៃសេចក្តីថ្លែងការណ៍រួម ដោយរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីសមុទ្រចិនខាងត្បូងក្នុងឆ្នាំ ២០១២ និង ២០១៦ មនុស្សជាច្រើនយល់ថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីផ្គាប់ចិត្តប្រទេសចិន។
ស្របពេលដែលប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ ដែលកើតឡើងពីទំនាក់ទំនងល្អជាមួយប្រទេសចិន និងលើកទឹកចិត្តដល់ការវិនិយោគរបស់ចិន លើហេដ្ឋារចនាសម្ព័ន្ធនិងផលិតកម្ម ប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលជំនួសដោយចិន លើសពីការអនុញ្ញាតឱ្យមានអំណាចក្នុងតំបន់ ឬអន្តរជាតិណាមួយឡើយ។
សហរដ្ឋអាមេរិក មានការព្រួយបារម្ភថា កំពង់ផែនិងការអភិវឌ្ឍអាកាសយានដ្ឋានថ្មី ក្នុងក្រុងព្រះសីហនុ ដែលទទួលបានហិរញ្ញប្បទានពីប្រទេសចិន នឹងប្រែក្លាយទៅជាមូលដ្ឋានយោធាចិន។ តាមរយៈការស្វាគមន៍ការត្រួតពិនិត្យទីតាំង ដោយផ្ទាល់ពីសហរដ្ឋអាមេរិកនៅតាមទីតាំងនានា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា វាគ្មានអ្វីដែលត្រូវលាក់បាំងទេ។
នៅពេលដែលទន្លេមេគង្គ គឺជាបន្ទាត់បែងចែករវាងពិភពលោកពីរ ក្នុងកំឡុងពេលសង្គ្រាមត្រជាក់ ប្រទេសកម្ពុជាគឺជាកន្លែងមួយ ដែលត្រូវបានដណ្ដើមយកកាន់កាប់ដោយប្រទេសមហាអំណាច។ ដោយហេតុថាស្ថានភាពផ្ទៃដីភាគច្រើន រាបស្មើពីទីក្រុងហូជីមិញទៅទីក្រុងបាងកក រាល់ប្រទេសទាំងឡាយណា ដែលគ្រប់គ្រងប្រទេសកម្ពុជា បានគំរាមកំហែងដល់ប្រទេសជិតខាងរបស់ខ្លួន។ វាបានក្លាយជាវាលពិឃាត ក្នុងរបបប្រល័យពូជសាសន៍ អស់រយៈពេលជាច្រើនឆ្នាំ។
ដោយមានសន្តិភាពនិងការពង្រីកអាស៊ាន ក្នុងការរួមបញ្ចូលតំបន់ឥណ្ឌូចិនទាំងអស់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងតែទទួលបានអត្ថប្រយោជន៍ ពីកំណើនទេសចរណ៍ ផលិតកម្ម និងកសិកម្ម។ ប្រទេសនេះក៏កំពុងតែក្លាយជា មជ្ឈមណ្ឌលដឹកជញ្ចូន ដែលតភ្ជាប់ប្រទេសវៀតណាម ទៅប្រទេសថៃ និងប្រទេសឡាវ ទៅកាន់សមុទ្រផងដែរ។ គ្មានប្រទេសអាស៊ានណាមួយ ចង់ឲ្យតំបន់អាស៊ីអាគ្នេយ៍ ក្លាយជាតំបន់ដែលត្រូវបានបែងចែកទៀតទេ ជាពិសេសប្រទេសកម្ពុជា។
ប្រឆាំងនឹងស្ថានភាពប្រវត្តិសាស្រ្តនេះ វានឹងក្លាយជាកំហុសមួយ ដែលអាមេរិកនិងអឺរ៉ុបត្រូវចាត់វិធានការ ធ្ងន់ធ្ងរប្រឆាំងនឹងកម្ពុជា។ រួមជាមួយនិងប្រទេសមហាអំណាចផ្សេងទៀត សហរដ្ឋអាមេរិក និងអឺរ៉ុប បានចូលរួមចំណែក ក្នុងការធ្លាក់ចុះនៃប្រទេសជាតិដល់កម្រិតសូន្យ។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក និងអឺរ៉ុប បានផ្តល់ជំនួយនយោបាយ និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលធ្វើឱ្យប្រទេសកម្ពុជា អាចមានលទ្ធភាពដូចដែលយើងបានឃើញសព្វថ្ងៃនេះ។
ជំនួយរបស់សហរដ្ឋអាមេរិក ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅផ្នែកពាណិជ្ជកម្ម GSP និងជំនួយរបស់អ៊ឺរ៉ុប ក្រោមប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) នឹងត្រូវបានលុបចោល នៅពេលដែលប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ ការដែលប្រព័ន្ធទាំងនេះ ត្រូវបានបញ្ចប់មុនពេលកំណត់ វាអាចបង្កជាគ្រោះថ្នាក់ ដល់ប្រទេសកម្ពុជា និងបណ្តាលឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុប បាត់បង់សុច្ឆន្ទៈ។
ស្របពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មានសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន លើការវិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា ពួកគេមិនគួរវិនិច្ឆ័យប្រទេសដោយឈរលើរូបភាពមួយចំនួន ដែលកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេត្រូវមើលឲ្យកាន់តែទូលំទូលាយ អំពីអ្វីដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីយុទ្ធនាការវាយលុក ពេលបុណ្យចូលឆ្នាំនៅវៀតណាមខាងត្បូង ក្នុងឆ្នាំ ១៩៦៩ នៅពេលដែលប្រទេសចិន បានដាក់ទណ្ឌកម្មលើប្រទេសវៀតណាម ចំពោះការលុកលុយប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៧៩ នៅពេលដែលវៀតណាម ដកខ្លួនចេញក្នុងឆ្នាំ ១៩៨៩ នៅពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរួចផុតពីការធ្វើឃាត ក្នុងឆ្នាំ ១៩៩៩ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានរួចផុតពីវិបត្តិហិរញ្ញវត្ថុសកល ក្នុងឆ្នាំ ២០០៩ និងអ្វីដែលប្រទេសកម្ពុជាមានសព្វថ្ងៃ។
ទោះបីជាការបោះឆ្នោត ដែលរៀបចំដោយ អង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩៣ គឺជាព្រឹត្តិការណ៍សំខាន់មួយ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកម្ពុជាក៏ដោយ ក្រុមដ៏ទៃផ្សេងៗ បានបន្តប្រយុទ្ធប្រឆាំងនឹងគ្នាទៅវិញទៅមក។
វាជាការលើកលែងទោស ដោយផ្អែកលើគោលនយោបាយឈ្នះឈ្នះ ដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើការដែលលោកបានគ្រប់គ្រង ក្នុងការមិនធ្វើសកម្មភាពប្រឆាំង នឹងបុគ្គលដែលមានបំណង់ចង់សម្លាប់រូបលោក ដែលទីបំផុត បានបញ្ចប់សង្គ្រាមស៊ីវិលនៅឆ្នាំ ១៩៩៩ និងធ្វើឱ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។
គួរបញ្ជាក់ឲ្យដឹងផងដែរថា អ្វីដែលប្រទេសកម្ពុជាសម្រេចបាន ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាច្រើនទសវត្សនេះ គឺជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងណាមិត្តទាំងឡាយរបស់ប្រទេសកម្ពុជា គួរតែចងចាំថា ប្រទេសនេះនៅតែស្ថិតនៅក្នុងដំណាក់កាលមួយដែលផុយស្រួយ។
យើងគួរតែជួយប្រទេសជាតិ ឱ្យមានការរីកចម្រើនក្នុងទិសដៅត្រឹមត្រូវ មិនមែនធ្វើឱ្យមានដំណើការរីកចំរើន កាន់តែមានភាពពិបាកនោះទេ។ តាមទស្សនវិស័យរបស់បស្ចិមប្រទេស ប្រទេសជាច្រើនក្នុងអាស៊ាន មិនមានភាពល្អគ្រប់គ្រាន់ ទៅនឹងស្តង់ដារខ្ពស់របស់ប្រទេសខ្លួននោះទេ ប៉ុន្តែវានឹងក្លាយជារឿងដែលខុស ដើម្បីធ្វើឱ្យប្រទេសទាំងនេះចុះខ្សោយ។ ជាការពិតណាស់ វាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសលោកខាងលិច ក្នុងការគាំទ្រដល់អាស៊ាន ដែលមិនមែនជាសម្ព័ន្ធ ដែលពឹងផ្អែកលើប្រទេសមហាអំណាច ជាមួយនិងសេដ្ឋកិច្ចរស់រវើក៕
គួរបញ្ជាក់ឲ្យដឹងផងដែរថា លោក George Yeo គឺជាអតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរីចាប់ពីឆ្នាំ ១៩៩៩ ដល់ ២០០៤ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចាប់ពីឆ្នាំ ២០០៤ ដល់ ២០១១។ អត្ថបទរបស់ លោក George Yeo ដែលត្រូវប្រែសម្រួលដោយ ភុន ច័ន្ទឧសភា និងចេញផ្សាយដំបូងនៅលើគេហទំព័ររបស់ Khmer Times។