ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅលោក សម រង្ស៉ី ដែលកំពុងជ្រកកោននៅក្រៅប្រទេសនោះថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មិនល្ងង់ទៅធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រីនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនប្រទេសថៃ ដែលអតីតតំបន់សមរភូមិ តែបច្ចុប្បន្នពោរពេញដោយសន្ដិភាព និងការអភិវឌ្ឍ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្ដេចក្រឡាហោម ស ខេង ដែលគេប្រើគាត់ ឲ្យធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំ គឺក៏មិនចាំបាច់ឆ្លើយតប ជាមួយអាឡប់ណាទេ។ វាមិនដែលម៉ែអាណា ឧបនាយករដ្ឋមន្ដ្រី ផ្ដួលនាយករដ្ឋមន្ដ្រី មានន័យថាស្មើនឹងអី មានន័យស្មើនឹងរដ្ឋប្រហារ ចេះប្រើគេទៅរួច រួចហើយរដ្ឋប្រហារយកអំណាចឲ្យពីណា យកអំណាចទៅឲ្យវា»។
សម្ដេចតេជោ បានបន្តទៀតថា៖ «ចឹងមិនចាំបាច់សម្ដេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នា ថ្ងៃមុន ចូលទៅប្រជុំគណៈរដ្ឋមន្ដ្រីថា បាច់ឆ្លើយជាមួយវាទេ កុំឆ្លើយជាមួយវា តែមិនឆ្លើយជាមួយវា គឺវាសាបសូន្យទៅខ្លួនឯងតែម្ដង។ វាមិនដែលម៉ែអាណា ទីមួយឲ្យគេធ្វើបក្សប្រហារ ព្រោះអនុប្រធានបក្សទម្លាក់ប្រធានបក្ស មិនបក្សប្រហារ ប៉ុន្ដែអាធ្ងន់ជាងគេ ឧបនាយករដ្ឋមន្ដ្រី ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី មានន័យថា រដ្ឋប្រហារ ចេះតែប្រើគេទៅរួច ចេះនិយាយទៅកើត តែលូវសូមឲ្យអ្នកទាំងអស់គ្នាស្ងាត់ស្ងៀម»។
គួររំម្លឹកផងដែរថា ការអំពាវនាវរបស់លោក សម រង្ស៊ី តាមរយៈការបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុកកន្លងមក ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ណែនាំទៅសមត្ថកិច្ច និងអាជ្ញាធរដែលមានការពាក់ព័ន្ធ តាមដានមើលក្រែងមានចលនាខុសច្បាប់ណាមួយកើតឡើង ហើយប្រសិនជាមាន ត្រូវកម្ទេច និងមិនអនុញ្ញាតឲ្យមានជាដាច់ខាត៕