សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឲ្យដឹងថា បន្ថែមពីលើការខូចខាត ដោយគ្រោះធម្មជាតិ ផ្លូវមួយចំនួនរងការខូចខាត ដោយសារប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្តទទួលសំណូក ហើយអនុញ្ញាតឲ្យ រថយន្តដឹកលើសទម្ងន់ បន្តដំណើរទៅមុខទៀត ដោយមិនបានឃាត់ទុកដោះស្រាយ ទៅតាមនីតិវិធីនៃច្បាប់។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបបែបនេះ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានទីតាំង ស្ថិតនៅស្រុកដងទង់ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “យើងពង្រឹងគុណភាព(ផ្លូវ)ឡើងបន្តិច ប៉ុន្តែវាមិនស្របជាមួយទម្ងន់ ដែលជាស្ដង់ដារ នៃប្រទេសនានា ដែលគេបានផលិតរថយន្ត សម្រាប់ប្រើប្រាស់នោះទេ (រថយន្តកែច្នៃ ដើម្បីឲ្យដឹកបានច្រើន)។ អីចឹងយើងត្រូវដាក់ជញ្ជីងថ្លឹង ហើយជញ្ជីងមានណា គិតតែពីថ្លឹងទៅ ត្រង់ថ្លឹងប៉ុន្មាន អីប៉ុន្មានអត់ដឹង! ជួនកាល សូកលុយបន្តិច ទៅប្រុចបាត់”។
ជាមួយគ្នានេះដែរ ដោយសារផ្លូវមួយចំនួន ចាក់កៅស៊ូមិនមានគុណភាព ជាប់បានយូរនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃខាងមុខ ការស្ថាបនាផ្លូវ នឹងត្រូវប្រើប្រាស់ ស៊ីម៉ង់តិ៍ ចាក់បេតុងជំនួសឲ្យកៅស៊ូវិញ ព្រោះ កម្ពុជា មានថ្មភ្នំច្រើន តែថ្មដែលអាចយកទៅធ្វើជា ស៊ីម៉ង់តិ៍ បានមានតែក្នុងខេត្ត៣ តែប៉ុណ្ណោះ គឺ ខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងបន្តទៀតថា ទោះបីជាការចាក់បេតុង ចំណាយថវិកាអស់ច្រើនជាងការចាក់កៅស៊ូក៏ដោយ តែវាមានគុណភាព ជាប់បានយូរ ហើយការចាក់កៅស៊ូ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ បង្កការរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងខាតបង់ថវិកា ច្រើនផងដែរ។ ជាក់ស្ដែងផ្លូវក្នុងក្រុងព្រះសីហនុ នឹងត្រូវចាក់បេតុង ជាមុន ទើបក្រាលកៅស៊ូ ពីលើដើម្បីអាចទ្រទម្ងន់ កុងតឺន័រ យ៉ាងច្រើនដែលចរាចរក្នុងមួយថ្ងៃៗ សម្រាប់ការនាំចេញ និងនាំចូល៕