អាមេរិក ត្រៀម​ដាក់ពង្រាយ​កងទ័ព​ឡើងវិញ នៅ​តំបន់​ ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​ដើម្បី​ទប់ទល់​ចិន​

926

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ម៉ាក អ៊ែ​ស្ពើ (Mark Esper) បាន​និយាយថា សហរដ្ឋអាមេរិក​​ កំពុងតែ​រៀបចំ​ផែនការ ក្នុងការ​ដាក់ពង្រាយ​យោធា​អាមេរិក​ឡើងវិញ នៅ​តំបន់​ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ស្ថិតនៅក្នុង​គោលដៅ​បង្កើន​ភាពជា​ដៃគូ និង​ពង្រឹង​កិច្ចប្រតិបត្តិការ ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​ ដែល​ស្ថិតនៅ​ទីនោះ​ស្រាប់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ Sputnik នា​រសៀល​ថ្ងៃ​សុក្រ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក Mark Esper បានលើកឡើង​នៅក្នុង​កិច្ចពិភាក្សា​ ជាមួយ​សម​ភាគី​អូស្ត្រាលី នៅឯ​មន្ទីរ​ការពារជាតិ​អាមេរិក​បញ្ច​កោណ ស្ថិតក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​យ៉ាង​ដូច្នេះ​ថា «​អ្នកដឹង​ហើយ​ថា ខ្ញុំ​បាន​មើលឃើញ​ការប្រកួតប្រជែង​ធំ​បំផុត ពេល​ខ្ញុំ​មកកាន់​តំណែង​នេះ ដោយ​យើង​ត្រូវតែ​ពង្រឹង​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​យើង​…​។ ក្នុង​យុទ្ធសាស្ត្រ​ការពារជាតិ ត្រូវតែ​ដាក់​តំបន់ ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ជា​ក្តី​ព្រួយបារម្ភ​ធំ​បំផុត ហើយ​ដើម្បី​សម្រេច​បែប​ទៅបាន ខ្ញុំ​ត្រូវតែ​ធ្វើ​ការងារ​យ៉ាង​ស្វាហាប់​បន្ថែមទៀត​…»​។​

​ស្ថិតនៅ​ចំពោះមុខ​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​លោកស្រី លីន​ដា រៃ​ណូ​លស៍ (Linda Reynolds) រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ត្រូវតែ​ដាក់ពង្រាយ​ទ័ព​ទៅកាន់​តំបន់​នោះ​… ខ្ញុំ​ត្រូវតែ​បង្កើន​វត្តមាន​នៅក្នុង​តំបន់ (​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​)…»​។ កិច្ចការ​នេះ​អាច​សម្រេច​ទៅបាន គឺ​ពិតណាស់ថា ត្រូវការ​កិច្ចសហប្រតិបត្តិការ​បន្ថែម​រវាង សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី ហើយ​គោលដៅ​ធំ​បំផុត​ដែល​ប្រទេស​សម្ព័ន្ធមិត្ត ទាំងពីរ​ចង់​ទប់ទល់ នោះ​គឺ​ប្រទេស​ចិន​តែម្តង​៕​