វ៉ាស៊ីនតោន៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកអាចនឹងជួបជាមួយប្រធានាធិបតី ចិន លោក ស៊ី ជិនពីង នៅខែមិថុនាខាងមុខនេះ បន្ទាប់ពីចិនប្រកាសពីការដំឡើងពន្ធ លើមុខទិញនាំចូលពីសហរដ្ឋអាមេរិក ក្នុងទំហំ៦០ពាន់លានដុល្លារវិញ។

លោក ដូណាល់ ត្រាំ បាននិយាយថា៖ “រឿងនេះ (ជំនួបរវាងលោក និងលោក ស៊ី) អាចនឹងកើតឡើង…ពួកយើងអាចនឹងជួបគ្នា ដូចដែលអ្នកដឹងហើយថា ខ្ញុំក៏នឹងចូលរួមក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនដែរ នៅចុងខែមិថុនាខាងមុខ…ហើយខ្ញុំគិតថាវានឹងក្លាយជាជំនួបដ៏មានផ្លែផ្កា”។
ការរំម្លឹកផងដែរថា កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសថានឹងដំឡើងពន្ធលើផលិតផលនាំចូលពី សហរដ្ឋអាមេរិក ដែលគិតជាទំហំទឹកប្រាក់ស្មើ៦០ពាន់លានដុល្លារដើម្បីជាការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ ទីក្រុងវ៉ាស៊ីនតោនមកលើទំនិញរបស់ប្រទេសចិនមានទំហំជាង២០០ពាន់លានដុល្លារ។

ម្យ៉ាងវិញទៀត បើតាមក្រសួងហិរញ្ញវត្ថុចិន ការឡើងពន្ធដល់១០ភាគរយ ដល់២០ភាគរយ និងដល់២៥ភាគរយ ទៅលើក្រុមមុខទំនិញជាច្រើនប្រភេទរបស់អាមេរិក នឹងត្រូវចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ ស្របពេលផលិតផលសរុបប្រមាណ៥,៤១០មុខរបស់សហរដ្ឋអាមេរិក ដែលត្រូវនាំចូលមកកាន់ប្រទេសចិន ក៏នឹងរងការប៉ះពាល់ពីចំណាត់ការនេះដែរ៕