ភ្នំពេញ៖ លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហើបឲ្យដឹងកាលពីសប្តាហ៍មុនថា ប្រទេសកម្ពុជា និងប្រទេសចិន នឹងធ្វើការចរចា នៅខែកក្កដាខាងមុខនេះ ដើម្បីពិភាក្សាពីការនាំចេញនូវផ្លែស្វាយ, ផ្លែល្ហុង, ផ្លែស្រកានាគ និងសំបុកត្រចៀកកាំ ទៅកាន់ទីផ្សារប្រទេសចិន។
ការលើកឡើងរបស់លោករដ្ឋមន្ត្រី វ៉េង សាខុន បានធ្វើឡើងនៅក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញ ចេកអំបូងលឿង ទៅកាន់ប្រទេសចិន នៅក្នុងខេត្តកំពត ដែលមានឈ្មោះ Longmat Agriculture Co., Ltd ។
លោករដ្ឋមន្ត្រី វ៉េង សាខុន បានបញ្ជាក់ថា៖ “ខ្ញុំបានស្នើសុំឲ្យអគ្គនាយកនៃវិស័យកសិកម្ម ធ្វើការជាមួយក្រុមហ៊ុនត្រួតពិនិត្យ និងអធិការកិច្ច ចិន និងក្រសួងការបរទេសដើម្បីពន្លឿនដំណើរការនេះ។”
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី វ៉េង សាខុន បានប្រាប់ទៀតថា ការនាំចេញផ្លែស្វាយកម្ពុជាទៅកូរ៉េខាងត្បូងលើកដំបូងនឹងត្រូវបានពន្យារពេល ដោយសារតែក្រុមហ៊ុននាំចេញ Hyundai Corporation មិនទាន់បានឆ្លងកាត់ការត្រួតពិនិត្យ ដោយទីភ្នាក់ងារសត្វ កាកសំណល់សត្វ រុក្ខជាតិ (APQA) កាលពីខែមីនា។ ដូចនេះក្រុមហ៊ុននាំចេញត្រូវបំពេញតាមស្តង់ដារ អនាម័យ ផលិតផលកសិកម្ម នៅក្នុងទីផ្សារប្រទេសកូរ៉េ ជាមុនសិនទើបអាចចាប់ផ្ដើមនាំចេញទៅបាន ទោះបីជាក្រុមហ៊ុន Hyundai បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីការពារ លាងសម្អាតផលិតផលរបស់ខ្លួនក៏ដោយ ក៏ APQA មិនបានអនុញ្ញាតឲ្យមានការដឹកជញ្ជូនដែរ។
គួររំម្លឹកផងដែរថា ក្រុមហ៊ុន Hyundai របស់ប្រទេសកូរ៉េ បានសហការជាមួយក្រុមហ៊ុនដាំស្វាយក្នុងស្រុកឈ្មោះ Mao Legacy ដើម្បីដាំដើមស្វាយនៅលើផ្ទៃដី ២៤០០ ហិកតានៅខេត្តកំពង់ស្ពឺ។ ហើយកាលពីខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន Hyundai បានបើកដំណើរការរោងចក្រសម្អាតផ្លែឈើ ដែលមានទំហំ ៣ ហិកតា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលអាចនាំចេញផ្លែឈើសម្អាតរួចរហូតដល់ទៅ ៥០.០០០ តោនក្នុងមួយឆ្នាំ ដោយរួមបញ្ចូលទាំងផ្លែដូង, ផ្លែធូរេន និងផ្លែមង្ឃុត៕