រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់ឲ្យប្រទេសចិន ធ្វើការសម្រេចចិត្ត ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឲ្យបានឆាប់ បើមិនដូច្នោះទេ កិច្ចព្រមព្រៀងពាណិជ្ជកម្ម នេះនឹងកានតែអាក្រក់ឡើងចំពោះប្រទេសចិន បើលោកជាប់ឆ្នោតនៅអណត្តិទី២។
សហរដ្ឋអាមេរិក និងប្រទេសចិន មានជម្លោះពាណិជ្ជកម្ម ដោយការដាក់ពន្ធលើគ្នាទៅវិញទៅមក និងបង្កឲ្យមានការព្រួយបារម្ភថា វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកថែមទៀតផង។ អ្នកចរចាថ្នាក់ខ្ពស់របស់ប្រទេសចិនបាននិយាយថា ភាគីទាំងពីរនឹងជួបគ្នាសាជាថ្មី ក្នុងប្រទេសចិន ប៉ុន្តែព្រមានថាប្រទេសចិន នឹងមិនធ្វើការលះបង់លើបញ្ហាទាក់ទិននឹងគោលការណ៍សំខាន់ៗនោះទេ ។

លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា “ខ្ញុំគិតថាប្រទេសចិនគិតថា ពួកគេទទួលរងការវាយប្រហារយ៉ាងខ្លាំង ក្នុងការចរចាកាលពីពេលថ្មីៗនេះ ហើយពួកគេអាចនឹងចង់រងចាំ រហូតដល់ការបោះឆ្នោតក្រោយ នៅឆ្នាំ ២០២០ ដើម្បីផ្សងសំណាង និងមើលឃើញគណបក្សប្រជាធិបតេយ្យឈ្នះ ដែលអាចអនុញ្ញាតឲ្យពួកគេ បន្តកេងប្រវ័ញ្ជពីសហរដ្ឋអាមេរិក ប្រមាណ ៥០០ប៊ីលានដុល្លារក្នុងមួយឆ្នាំ”។
លោក ដូណាល់ ត្រាំ បន្តថា “ចិនកំពុងតែស្រមើស្រមៃថា មនុស្សអសកម្មដូចជាលោក Joe Biden ឬមួយបុគ្គលដទៃផ្សេងទៀត នឹងអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មីនៅឆ្នាំ២០២០ ព្រោះពួកគេចូលចិត្តណាស់ រឿងកេងចំណេញលើអាមេរិក”។

គួរបញ្ជាក់ដែរថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បាននិងកំពុងតែបន្តព្យាយាមដោះស្រាយ បញ្ហាផ្នែកពាណិជ្ជកម្មរវាងគ្នា ដែលបានចាប់ផ្តើមឡើងដំបូងក្រោយការសម្រេចិត្តរបស់លោក ដូណាល់ ត្រាំ កាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងការដំឡើងពន្ធដល់ទៅ ២៥ភាគរយលើទំនិញរបស់ចិនទំហំ ៥០ពាន់លានដុល្លារ ក្រោមគោលដៅកែតម្រូវឱនភាពពាណិជ្ជកម្មអាមេរិក-ចិន។ ទោះបីជាកិច្ចចរចាពាណិជ្ជកម្ម ជុំចុងក្រោយកន្លងទៅនេះបានទទួលបរាជ័យ ក៏ដិត ប្រទេសចិនតាមរយៈក្រសួងការបរទេស បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងមិនចុះចាញ់នោះឡើយ បើទោះបីជាត្រូវរកសម្ពាធខ្លាំងយ៉ាងណាក៏ដោយ៕