នៅក្នុងបន្ទប់វិចិត្រសាល ធំល្មមមួយ នៃ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញ គេប្រទះឃើញមានផ្ទាំងគំនូរជាច្រើនផ្ទាំង បានរំលេចពីទីកន្លែងមួយចំនួន នៅក្នុងប្រទេសកម្ពុជា ដោយប្រើពណ៌ស្រាលៗ ស្រទាន់ គួរឲ្យចង់គយគន់ គូសនៅលើក្រដាស់ ខុសប្លែកពីផ្ទាំងគំនូរដ៏ទៃទៀត ដែលអ្នកធ្លាប់បានឃើញពីមុនមក។
កាន់តែពិសេសជាងនេះទៅទៀតនោះ មានផ្ទាំងគំនូរខ្លះ មានពន្លឺភ្លឺភ្លេក ចែងចាំងប្រដេញគ្នា ជាមួយពន្លឺនៃអំពូលអគ្គិសនី ដែលធ្វើឲ្យរូបគំនូរកាន់តែរស់រវើក និងទាក់ទាញមួយកម្រិតថែមទៀតផងដែរ។
ប្រសិនបើយើងពិនិត្យឲ្យលម្អិត នៅលើផ្ទាំងគំនូទាំងនោះ មានចារិកឈ្មោះវិចិត្រករ ដោយបោះត្រា ជាភាសាជប៉ុន ហើយត្រូវបានលោក ផល សំបូរ ប្រធានផ្នែកទីផ្សារ នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានប្រាប់ឲ្យដឹងថា ផ្ទាំងគំនូរទាំងអស់នោះ ជាស្នាដៃរបស់វិចិត្រករដ៏ចំណានម្នាក់ ជាជនជាតិជប៉ុន មានឈ្មោះថា យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) ដែលត្រូវបាន សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ជ្រើសរើស យកមកដាក់តាំងបង្ហាញ រយៈពេល ៣ ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ ខែមករា ឆ្នាំ២០២០ ក្រោមចំណងជើងថា “អនុស្សាវរីយ៏” (Memory) ជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលចេញចូលនៅសណ្ឋាគារនេះ អាចទស្សនាបានដោយឥតគិតថ្លៃ។
តើ វិចិត្រករ យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) ជាអ្នកណា?
លោក យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) កើតនៅទីក្រុងណាហ្គោយ៉ា (Nagoya) នៃប្រទេសជប៉ុន នៅក្នុងឆ្នាំ ១៩៧៥។ តាំងពីវ័យកុមារ លោក យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) មានចិត្តស្រឡាញ់សិល្បៈយ៉ាងខ្លាំង ហើយជារឿយៗ លោកតែងតែ ងឿងឆ្ងល់ ហើយ ចង់ដឹង ចង់យល់ អំពីផ្នត់គំនិតសិល្បៈ និង ទស្សនៈរបស់វិចិត្រកផ្សេងៗ។
នៅក្នុងឆ្នាំ ១៩៨១ លោក យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគំនូរ នៅសាកលវិទ្យាល័យវិចិត្រសិល្បៈ នៅទីក្រុងអាឈី នៅប្រទេសជប៉ុន ហើយវា ក៏ជាលើកទីមួយដែរ ដែល ស្នាដៃសិល្បៈគំនូររបស់លោក ត្រូវបានធ្វើការដាក់តាំងពិព័រណ៍នៅវិទ្យាស្ថានសិល្បៈជប៉ុន។
នៅឆ្នាំ ១៩៩៤ លោក យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) បានមកទស្សនាប្រទេសកម្ពុជាជាលើកដំបូង ហើយលោកក៏ចាប់អារម្មណ៏យ៉ាងខ្លាំងចំពោះសិល្បៈ វប្បធម៌ និងប្រពៃណី ដ៏ល្អរបស់ប្រទេសកម្ពុជា ហើយវាបានដិតជាប់នៅក្នុងចិត្តរបស់លោក ដែលមិនអាចបំភ្លេចបាន។
ដោយសារមូលហេតុនេះហើយ ទើបក្រោយមកនៅ ឆ្នាំ ២០០៧ លោក យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) បានស្ម័គ្រចិត្តលះបង់ពេលវេលា ធ្វើជាសាស្ត្រាចារ្យសិល្បៈ ដោយពុំគិតអំពីផលប្រយោជន៍របស់ខ្លួនឯង ដើម្បីតែចង់ចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលលោកចេះ ដល់និស្សិត ដែលសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ តាមរយៈការងារស្ម័គ្រមួយនេះហើយ ដែលនាំឲ្យលោក យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) មានឱកាស មកប្រទេសកម្ពុជា ជាញឹកញាប់។
ដោយទឹកចិត្តស្រឡាញ់ និងចូលរួមចំណែកថែរក្សា និងលើកស្ទួយ សិល្បៈខ្មែរ បានធ្វើឲ្យ លោក យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) សម្រេចចិត្តបង្កើតសាលាសិល្បៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១២ ដែលមានឈ្មោះថា “សាលាសិល្បៈយ៉ាម៉ាដា” ក្នុងគោលបំណងតែមួយគត់គឺ បណ្តុះបណ្តាលជំនាញ និង ជម្រុញទឹកចិត្តដល់សិល្បករខ្មែរ ឲ្យស្រឡាញ់ និង អភិតក្ស សិល្បៈខ្មែរ ឱ្យបានស្ថិតស្ថារនៅគង់វង្សតទៅទៀត។
សិស្ស ដែលរៀននៅ “សាលាសិល្បៈយ៉ាម៉ាដា” ត្រូវបានជ្រើសរើសឲ្យចូលសិក្សា ដោយឥតបង់ថ្លៃ, បង់ថ្លៃខ្លះ ឬបង់ថ្លៃធម្មតា ទៅតាមលក្ខខណ្ឌជីវភាពជាក់ស្ដែងរបស់សិស្ស។ សិស្សដែលទទួលការសិក្សានៅទីនោះ ទទួលបានការផ្ដល់ជូននូវសម្ភារៈសិក្សា ដែលនាំមកពីប្រទេសជប៉ុន ដោយឥតគិតថ្លៃ ពីលោក យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu)។
ទាំងនេះគឺជាការលះបង់ និងការប្ដេជ្ញាចិត្តចំពោះសិល្បៈកម្ពុជា ដោយ លោក យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) បានលើកឡើងថា៖ “ខ្ញុំតែងតែចាប់អារម្មណ៍ខ្លាំងអំពីសិល្បៈខ្មែរហើយខ្ញុំសង្ឃឹមថា ប្រជាជនខ្មែរទាំងអស់ នឹងចូលរួមថែរក្សាសិល្បៈវប្បធម៌មួយនេះឲ្យបានល្អ។ ខ្ញុំចង់ឱ្យសិល្បករខ្មែរជំនាន់ក្រោយ ចូលរួមរក្សាសិល្បៈដ៏ស្រស់ស្អាតរបស់ពួកគេ ហើយខ្ញុំក៏បានសម្រេចចិត្តបង្កើតសាលាសិល្បៈមួយ ដែលមានឈ្មោះថា សាលាសិល្បៈយ៉ាម៉ាដា ក្នុងគោលបំណង បំផុសបំផុសការស្រាឡាញ់ អភិរក្ស សិល្បៈវប្បធម៌ខ្មែរ”។
វិចិត្រករ យ៉ាម៉ាដា តាកាកាហ្សឹ (Yamada Takakazu) មានបច្ចេកទេសនៅក្នុងសិល្បៈប្លែកគួរជាទីចាប់អារម្មណ៍គឺ ស្នាដៃគំនូរទាំងអស់របស់គាត់ ត្រូវបានគូរឡើងដោយជក់ក្រដាសនៅលើឈើស្តើងៗ ប្រើប្រាស់ពណ៌ធម្មជាតិដែលផលិតដោយបច្ចេកទេសជប៉ុន និងមានការប្រើប្រាស់ម្សៅពីកំទេចថ្ម ដើម្បីរំលេចពន្លឺភ្លឺភ្លេកផងដែរ។
លោកអ្នក អាចអញ្ចើញមកទស្សនាដោយផ្ទាល់ នូវស្នាដៃគំនូរ ក្រោមចំណងជើងថា “អនុស្សាវរីយ៏” (Memory) របស់លោក យ៉ាម៉ាដា តាកាកាហ្សឹ ចំពោះប្រទេសកម្ពុជា រហូតដល់ ចុងខែមករា ឆ្នាំ២០២០ ហើយមួយវិញទៀត វាក៏អាចជាការរំលឹកឡើងវិញផងដែរ សម្រាប់លោកអ្នក បន្ទាប់ពីបានទស្សនារួច ពីព្រោះទីន្លែងមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគូសចេញមកនេះ ត្រូវបានបាត់បង់រូបរាងដើម ឬបានប្រែក្លាយទៅជាអគារថ្មី ដោយសារតែការអភិវឌ្ឍន៍ដ៏លឿន ឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា៕