លោក កឹម សុខា ទទួលបានការបន្ធូរបន្ថយ ជាមួយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ស្រាលជាងមុន

747

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែប្រែកាតព្វកិច្ច ឲ្យធូរស្រាលជាងមុន នៃការដាក់ក្រោមការត្រួតពិនិត្យ ទៅលើ លោក កឹម សុខា ក៏ប៉ុន្តែលោក កឹម សុខា នៅតែស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការដដែល នេះបើយោងតាមសេចក្តីប្រកាសរបស់តុលាការ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។

លោក កឹម សុខា ទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ គឺដោយសារតែលោក កឹម សុខា នាពេលកន្លងមក បានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អ ក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាព របស់លោក ដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។ នេះបើយោងតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព។

តាមរយៈការបន្ធូរបន្ថយកាតព្វកិច្ច លោក កឹម សុខា អាចដើរហើរទៅទីណាក៏បាន នៅតែក្នុងប្រទេសកម្ពុជា គឺលោក កឹម សុខា មិនអាចចាកចេញទៅ ក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា ឬនិយាយឲ្យស្រួលស្ដាប់គឺ មិនអាចចេញទៅក្រៅប្រទេស។

បន្ថែមពីការដើរហើរដោយសេរីនៅក្នុងប្រទេសកម្ពុជា លោក កឹម សុខា ក៏អាចជួបជាមួយប្រជាពលរដ្ឋ, ភ្ញៀវ ឬបុគ្គលណាក៏បានដែរ​ តែមិនអាចស្ថិតនៅក្នុងរូបភាព បែបធ្វើសកម្មភាពនយោបាយឡើយ ព្រោះលោក កឹម សុខា ស្ថិតនៅក្រោមបំរាម ហាមធ្វើសកម្មភាពនយោបាយ នៅឡើយតាមផ្លូវតុលាការ។

ទោះជាយ៉ាងណាក៏ដោយ លោក កឹម​ សុខា នៅត្រូវឆ្លើយតប ទៅនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ទាំងឡាយដែលជាប់ពាក់ពន្ធជាមួយសំណុំរឿងរបស់លោកផងដែរ។

សូមជំរាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយ ដែលលោកបាននិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

ក្រោយពេលឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ បានចេញដីកាមួយសម្រេចដោះលែងលោក ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ជាមួយនឹងការហាមឃាត់សិទ្ធិមួយចំនួនដូចជា មិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨​ (មិនអាចចាកចេញពីផ្ទះរបស់លោកបាន), ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេស ដែលពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម៕