ភ្នំពេញ៖ “សៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ” ត្រូវបានប្រកាសឱ្យប្រើប្រាស់ នៅក្នុងសិក្ខាសាលាស្តីពី “ការប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយ សៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ” ក្រោមអធីបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ មេបញ្ជាការ មេបញ្ជាការរង តាមបណ្តាអង្គភាពយោធភូមិភាគ បណ្តាស្ថាប័នអង្គភាពចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
ការប្រកាសដាក់ឲ្យប្រើប្រាស់និងផ្សព្វផ្សាយនូវ “សៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ” ដល់កងកម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងគោលបំណងឲ្យអនុវត្ត និងប្រើប្រាស់ បន្ទាប់ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមជាមួយ សហព័ន្ធកីឡាយុទ្ធគុន ចំនួន ៣ រួមគ្នាចងក្រង បានចប់រួចរាល់ ដោយប្រើប្រាស់ពេលវេលាជាង ២ ឆ្នាំមក។
សហព័ន្ធកីឡាយុទ្ធគុន ទាំង ៣ រួមមាន សហព័ន្ធប្រដាល់គុនខ្មែរ, សហព័ន្ធយុទ្ធក្រមខមកម្ពុជា និងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវចង រួមបញ្ចូលគ្នាបង្កើតបាន “សៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ” នោះឡើង។
នៅក្នុងការប្រកាសដាក់ឲ្យប្រើប្រាស់ “សៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ” នៅថ្ងៃព្រហស្បតិ៍នោះ មានការសម្តែងក្បាច់គុនដោយ សហព័ន្ធកីឡាយុទ្ធគុន ទាំង ៣ ដោយស្លៀកពាក់លក្ខណៈប្រពៃណីក្បាច់គុនរបស់សហព័ន្ធ ព្រមទាំងបន្ថែមក្បាច់គុនកងយោធពលខេមរភូមិន្ទ មានឯកសណ្ឋានប៉ារ៉ា។
“សៀវភៅក្បាច់គុនកងយោធពលខេមរភូមិន្ទ” នឹងត្រូវចែកចាយជូនដល់សិក្ខាកាម និងប្រើប្រាស់ជាផ្លូវការក្នុងលក្ខណទូលំទូលាយក្នុងជួរកងយោធពលខេមរភូមិន្ទទាំងមូល៕