ភ្នំពេញ៖ ស្ថានីយរថភ្លើងភ្នំពេញ នឹងត្រូវអភិវឌ្ឍ ឲ្យក្លាយទៅជាអគារពាណិជ្ជកម្មមានឈ្មោះថា Royal Train Square ដោយក្នុងនោះរួមមានហាងទំនើបផ្សេងៗ ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូរ ATM ជាដើម ព្រមទាំងជាកន្លែងសម្រាប់ជួលធ្វើជាការិយាល័យ, សម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីពិណ៌ផ្សេងៗ នៅក្នុងរយៈពេល ៣ ទៅ៤ខែ ខាងមុខនេះហើយ។
គម្រោងអភិវឌ្ឍ ស្ថានីយរថភ្លើងភ្នំពេញ នេះ ទទួលបានការគាំទ្រថវិកា ដោយក្រុមអ្នកបណ្តាក់ទុនមកពីអាមេរិក និងដៃគូសហការមកពីអឺរ៉ុប ក្នុងទឹកប្រាក់៥លានដុល្លារ។

គម្រោងអភិវឌ្ឍ ស្ថានីយរថភ្លើងភ្នំពេញ ទៅជាអគារពាណិជ្ជកម្ម Royal Train Square មិនត្រឹមតែផ្ដល់ឲ្យអ្នកដំណើរដោយរថភ្លើងទាំងទៅទាំងមក នូវបរិយាកាសថ្មីនោះទេ គឺថែមទាំងផ្តល់ឲ្យប្រជាពលរដ្ឋកម្ពុជាដែលមិនធ្វើដំណើរ នូវកន្លែងថ្មីមួយដើម្បីជួបជុំគ្នា ញ៉ាំអាហារពេលល្ងាច និងសម្រាកលំហែរ ជាមួយទិដ្ឋភាពជុំវិញខ្លួនដ៏ស្រស់ស្អាត រួមជាមួយនឹងហាងកាហ្វេ ភោជនីយដ្ឋាន និងហាងជាច្រើនទៀត។
គួររំម្លឹកផងដែរថា ស្ថានីយរថភ្លើងភ្នំពេញ ត្រូវបានសាងសង់ឡើងដោយអាណានិគមបារាំង ក្នុងឆ្នាំ១៩៣២ កាលពីថ្មីៗនេះ ស្ថានីយរថភ្លើងភ្នំពេញ ទើបតែបានបំពេញការសាងសង់ខ្សែផ្លូវដែករបស់ខ្លួន ទៅកាន់ខេត្តបាត់ដំបង។

ស្ថានីយរថភ្លើងភ្នំពេញ ត្រូវបានជួសជុលកែលម្អឡើងវិញ កាលពីឆ្នាំ២០១២ ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ស្ថានីយរថភ្លើងភ្នំពេញ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railways បានដាក់ឲ្យដំណើរជាធម្មតាឡើងវិញ នូវសេវាធ្វើដំណើរដោយរថភ្លើង ទៅកាន់ខេត្តកំពត ព្រះសីហនុ ពោធិ៍សាត់ និងប៉ោយប៉ែត ក៏ដូចជាសេវាដឹកជញ្ជូនជាទៀងទាត់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ៕