ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវជាថ្មីម្ដងទៀត ដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ហូបនំបញ្ចុកទាំងអស់គ្នា ហើយឲ្យរៀបចំចង្ហាន់នំបញ្ចុក ប្រគេន ព្រះសង្ឃ នៅតាមវត្តអារាមផងដែរ។
ការអំពាវនាវនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើ នៅក្នុងពិធីប្រគលា់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្ត្រ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍គោះពេជ្រ។
សម្ដេចតេជោ ក៏សូមឲ្យបងប្អូនខ្មែរឥស្លាម និងខាងគ្រឹស្ទសាសនា អញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុក គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។
សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះគឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នាម្ដងទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេល អោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាសផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ការញាំនំបញ្ចុកជុំគ្នានៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នា ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា៕