ភ្នំពេញ៖ លោក គ្រីស ហេលហ្សឺ (CHRIS Helzer) អនុប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ NIKE ដ៏ធំរបស់សហរដ្ឋអាមេរិក បានបញ្ចាក់ប្រាប់ថា ក្រុមហ៊ុន NIKE នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដោយសារ ប្រទេសកម្ពុជាមានអនុលោមភាពខ្ពស់ ទៅនឹងស្តង់ដារពលកម្មអន្តរជាតិ តាមរយៈកម្មវិធីត្រួតពិនិត្យរោងចក្រនានា ដែលបានអនុវត្តជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន។
លោកអនុប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ NIKE បានថ្លែងប្រាប់បែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទីពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។

នៅជំនួបនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនតំណាងក្រុមហ៊ុន NIKE អំពីវិធានការសំខាន់ៗដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញតាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន សំដៅពង្រឹងឯករាជ្យភាព និងលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅនេះ ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន សំដៅទាក់ទាញការវិនិយោគបន្ថែមពីបរទេសលើវិស័យសំខាន់ៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។

លោក គ្រីស ហេលហ្សឺ អនុប្រធានក្រុមហ៊ុនផលិតសម្លៀកបំពាក់ NIKE ក៏បានបញ្ជាក់ប្រាប់ វិញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន NIKE ក្នុងការបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយការបណ្តាក់ទុនវិនិយោគបន្ថែម ដើម្បីពង្រឹងចង្វាក់ផលិតកម្ម ដែលនឹងផ្តល់ការងារជូនប្រជាជនកម្ពុជា និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕