ភ្នំពេញ៖ “អ្នកពូកែបាញ់បោះ យកទៅញាត់គុកទាំងអស់។ អ្នកហ៊ានបាញ់បោះ ត្រូវអស់បុណ្យស័ក្ដិ និងយកទៅកាត់ទោស” នេះគឺជាសម្ដីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ដែលត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន គត់ត្រាបាននៅក្នុងកិច្ចប្រជុំ រួចហើយសរសេរបង្ហោះ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។
សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា និងការព្រមានដកបុណ្យស័ក្ដិចោល និងយកទៅដាក់ទោសតាមច្បាប់ចំពោះជនទាំងឡាយណា ដែលពូកែខាងបាញ់បោះសេរីនេះ ក៏ព្រោះតែចង់ដាស់តឿនជាថ្មីម្ដងទៀត ដល់អស់លោកដែលពូកែអួតអាង បង្ហាញអំណាចរបស់ខ្លួន ដោយការបាញ់បោះសេរី ជាពិសេសលោកមន្ត្រីនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមួយទៀតជាសារដាស់តឿនជូនដល់ អ្នកអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វើទៅតាមច្បាប់ចំពោះមនុស្សគ្រប់រូប ដោយមិនលើកលែង និងយោគយល់ ក៏ដូចជាមានអន្ដរាគមន៍ ដោយប្រើប្រាស់ខ្នងបង្អែកជាដើម បើទោះបីជាដឹងថា ការបាញ់បោះសេរី គឺជាអំពើខុសច្បាប់ក៏ដោយ។
គួររំម្លឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក ឌួង ណាគ្រី ដែលបានបាញ់បោះសេរី ទាំងកណ្ដាលអាធ្រាត្រ នៅខណ្ឌច្បារអំពៅ ក៏ត្រូវបានចាប់ខ្លួនបញ្ជូន ទៅកាត់តុលាការ រហូតមានការឃុំខ្លួនដាក់ពន្ធនាគារ បើទោះមានកិច្ចអន្ដរាគមន៍យ៉ាងណាក៏ដោយ។ ហើយមួយករណីមួយទៀត កាលពីប៉ុន្មានថ្ងៃមុន មន្ដ្រីយោធាម្នាក់ ដែលបានបាញ់បោះនៅ ខារ៉ាអូខេ ប៊ីហ្គោ ក៏ត្រូវបានឃាត់ខ្លួន និងត្រូវតុលាការចេញដីកាដាក់ពន្ធនាគារផងដែរ៕