​ទីម័រ​ខាងកើត ចង់ឱ្យ​ អ្នកវិនិយោគ​កម្ពុជា​ ទៅ​បណ្តាក់ទុន​នៅក្នុង​របស់ប្រទេសខ្លួន

585

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ( Ermenegildo “ Kupa” Lopes ) ចង់ឃើញវត្តមានអ្នកវិនិយោគកម្ពុជាទៅបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសរបស់គាត់។ ការលើកឡើងដូចនេះ ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានឱ្យដឹងថា ទីម័រខាងកើត សម្បូរដោយធនធានធម្មជាតិដែលទាមទារឱ្យមានការវិនិយោគពីបរទេស ដែលបច្ចុប្បន្ននេះ មានអ្នកវិយោគពីឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត ខណៈដែលមិនទាន់មានអ្នកវិនិយោគពីកម្ពុជានោះទេ ហើយក៏ចង់ឃើញវត្តមានធុរជនកម្ពុជា ទៅបណ្តាក់ទុននៅទីម័រខាងកើត ក្នុងពេលអនាគត។

លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត តាមពេសសមស្របណាមួយ។ជាការឆ្លើយតបសម្តេចប្រធាន បានទទួលយកការគោរពអញ្ជើញរបស់លោកឯកអគ្គរដ្ឋទូត ទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត នៅពេលសមស្របខាងមុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះលោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស ដែលបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃទំនាក់ទំនងការទូតល្អរវាងប្រទេសទំាងពីរ កម្ពុជានិងទីម័រខាងកើត។ ក្នុងនាមរដ្ឋសភា សម្តេច ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងលើកទឹកចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យខ្លាំងក្លាថែមទៀត លើវិស័យ ទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

សម្តេចប្រធាន មានប្រសាសន៍ថា កន្លងមករដ្ឋសភាកម្ពុជា ធ្លាប់បានគាំទ្ររដ្ឋសភាទីម័រខាងកើត ជាប្រទេសសង្កេតការណ៍របស់អន្តរសភាអាស៊ាន (អាយប៉ា) ហើយនិងបន្តគាំទ្ររដ្ឋសភាទីម័រ ជាសមាជិកពេញសិទ្ធទី១១ របស់អាយប៉ា និងអាស៊ាន នៅថ្ងៃអនាគត ។

លោក អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស បានថ្លែងអំណរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគំាទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងក្របខណ្ឌអាស៊ាន និងអន្តរសភាអាស៊ាន។ លោក បានសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង៕