ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដោយការប្រមានដកប្រពន្ធអនុគ្រោះពន្ធពីកម្ពុជា គឺស្មើនឹងសម្លាប់គណបក្សប្រឆាំង។ សម្ដេចថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេច អញ្ជើញបើកការដ្ឋានផ្លូវក្រវាត់ក្រុងទី៣ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ “បើចង់ឲ្យពួកប្រឆាំងងាប់អាហ្នឹងកាត់ទៅ បើចង់ឲ្យពួកប្រឆាំងរស់អាហ្នឹងកុំធ្វើទៅ មកជជែកគ្នា ពិភាក្សាគ្នា កែលំអរសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាព លើការគោរពឯករាជ និងអធិបតេយ្យ។ អ៊ីចឹងគេរង់ចាំជំហានរបស់យើង យើងក៏រង់ចាំជំហានរបស់គេដើរដែរ ហើយសុំកុំយកកម្ពុជាធ្វើជាប្រធានបទ នៃការឃោសនារកសំឡេងឆ្នោត ក្នុងការបោះឆ្នោតសភាអឺរ៉ុប។ សូមផ្តាំងទៅអ្នកតំណាងរាស្ត្រនៃសភាអឺរ៉ុប សូមកុំយករឿងកម្ពុជា ធ្វើជាប្រធានសម្រាប់ការឃោសនា ដើម្បីការជាប់ឆ្នោតជាសមាជិក សភាអឺរ៉ុបជាបន្តទៀត។ ធ្វើយ៉ាងដូច្នេះ គ្រាន់តែចំណេញអ្នកឯង ក៏ប៉ុន្តែបរិវាររបស់អ្នកឯងនៅកម្ពុជា នឹងទទួលភាពខ្ទេចខ្ទាំ បាក់ឆ្អឹងខ្នង។ រឿងអីដែលយើងត្រូវទុក ហើយអ្នកឯងក៏អត់មានសិទ្ធិអី ត្រូវមកនិយាយជាមួយខ្ញុំ បន្តទៅទៀតដែរ ទំនាក់ទំនងធម្មតា រដ្ឋ និងរដ្ឋទំនាក់ទំនងធម្មតា។ ប្លុកអាស៊ាន និងប្លុកសហភាពអឺរ៉ុប បន្តចរចាកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរីនៅតែបន្តធ្វើ»។

សម្តេចតេជោបានបន្តទៀតថា៖ “ឥឡូវនេះកម្ពុជា អនុវត្តន៍ប្រជាធិបតេយ្យដ៏ខ្ជាប់ខ្ជួន និងកសាងប្រទេសមួយ ដែលកំពុងវិវឌ្ឍន៍ទៅមុខ ក៏មានការរួមចំណែកនៃការជួយរបស់អស់លោកអ្នក។ ប៉ុន្តែអស់លោកអ្នកក៏ត្រូវតែគិតថា តើគួររក្សាសមិទ្ធិផលអស់លោកអ្នក ដែលជួយកសាងមកនេះ ហើយបន្តជំរុញដំណើរការកែលំអរ សភាពការណ៍ ដើម្បីឲ្យសេដ្ឋកិច្ចកាន់តែល្អ។ លំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែល្អប្រសើរ ឬក៏អ្នកឯងត្រូវសម្លាប់វាចោលត្រឹមហ្នឹង ត្រឹមកន្លែងហ្នឹង? ជ្រើសរើសទៅ”។

ជាមួយការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីការគិតគូរ និងដាក់ចេញផែនការសេដ្ឋកិច្ចមួយចំនួន ដើម្បីទប់ទល់ជាមួយគម្រោងដាក់ទណ្ឌកម្មនេះ។ ក្នុងនោះមានដូចជា ការប្រឹងប្រែងទាក់ទាញអ្នកទេសចរចិន ដើម្បីជំរុញការនាំចេញនៅនឹងកន្លែងលើផលិតផល កសិផលរបស់ខ្មែរ និងលើកកម្ពស់សេវាផ្សេងៗ ធ្វើយ៉ាងណា ដើម្បីធានាដល់ដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ដោយគ្មានប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប៕