អគ្គរដ្ឋទូត​កាណាដា ប្រាប់ថា ការផ្តល់​ GSP ​របស់ខ្លួន​ ​មិន​ភ្ជាប់​លក្ខខណ្ឌ​ ​សិទ្ធិមនុស្ស​ ​ទេ

931

​​លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា​ដែល​ចប់​អាណត្តិ បានបញ្ជាក់​ជំហរ​ថា រដ្ឋាភិបាល​កាណាដា ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជូន​ដល់​ប្រទេស​កម្ពុជា និង ប្រទេស​កំពុង​អភិវឌ្ឍ គឺធ្វើឡើង​ក្នុង​គោលដៅ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ ដោយ​មិន​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​។​

​ការបញ្ជាក់​ជំហរ​របស់​អគ្គរដ្ឋទូត​កាណាដា បាន​ធ្វើឡើង​ក្នុងជំនួប​សម្តែង​ការគួរសម និង​ជម្រាប​លាក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​។​

​តាម​ការប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ លោកស្រី អគ្គរដ្ឋទូត​កាណាដា បានបញ្ជាក់​ជំហរ​ច្បាស់លាស់​ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP)​។ លោកស្រី បាន​សង្កត់ធ្ងន់ថា កាណាដា​ផ្តល់​ភាពអនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​គោលដៅ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ ដោយ​មិន​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​។​

​ក្នុងពេល​នោះដែរ​លោកស្រី​ក៏បាន​លើកឡើងថា កាណាដា បាន​បង្កើត​មូលនិធិ​សម្រាប់​ការបញ្ជូន​កងកម្លាំង​ស្ត្រី​ក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ហើយ​តាមរយៈ​មូលនិធិ​នេះ លោកស្រី​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​មូលនិធិ​បន្ថែម​សម្រាប់​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា​។​

​លោកស្រី ក៏បាន​រំលឹក​អំពី​ប្រសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​ឱកាស​បញ្ជូន​កង​កម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា នៅពេល​កន្លង​ថា សូម​ឲ្យ​ចៀស​ឆ្ងាយ​អំពី​ការរំលោភ បំពាន​ផ្លូវភេទ ក្នុងចំណោម​កងកម្លាំង​មួក​ខៀវ​ទាំងអស់ ហើយ​ដែល​នៅពេលនោះ សូម្បី​អង្គការសហប្រជាជាតិ ក៏​មិនទាន់បាន​គិតដល់​បញ្ហា​នេះ​នៅឡើយ​។​

​ពាក់ព័ន្ធ​នឹង​ការបំពេញភារកិច្ច​រប​ស់​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​ក្តី​រីករាយ ដែល​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្ត្រី​កម្ពុជា នៅក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព ដែលមាន​ចំនួន​សរុប​ជាង​៣០០ នាក់ ឬ​ប្រហែល​៥% នៃ​កងកម្លាំង​មួក​ខៀវ​សរុប​របស់​កម្ពុជា​។ លោក​ក៏បាន​ជម្រាបជូន​លោកស្រី​ទូត​ថា លោក​តែងតែ​ស្នើ​ឲ្យ​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បី​ចំណុច​ដូចតទៅ ៖ ១៖ បំពេញការងារ​ដោយ​វិជ្ជាជីវៈ ២៖ គោរព​វិន័យ និង ៣៖ គោរព​ច្បាប់​របស់​ប្រទេស​ដែល​ខ្លួន​ទៅ​បំពេញបេសកកម្ម និង​ជួយ​យកអាសា​ប្រជាជន​ក្នុង​តំបន់​បេសកកម្ម​របស់ខ្លួន​។​

​ក្រៅពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី​ឯកអគ្គរដ្ឋទូត ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មកលើ​បញ្ហា​ជាច្រើន ផ្សេងទៀត រួមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​នានា​ដែលជា​ការយកចិត្តទុកដាក់​រួម​។ ជំនួប​នេះ បានបញ្ចប់​ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​៕​