អ្នកទោស​អាច​ប្រើ​ទូរស័ព្ទ​! ឯណា​ទៅ តួនាទី​និង​ភារៈកិច្ច របស់​អស់លោក​ដែលជា​មន្ត្រី​? ឬក៏​ចាំតែ​ទទួល​បទបញ្ជា ពីស​ម្ដេច ហ៊ុន សែន គ្រប់​តែ​រឿង​ទើប​អនុវត្ត​?

3915

ជា​រើ​យៗ គេ​ស​ង្គេ​ត​ឃើញថា សម្ដេច​តេ​ជោ ហ៊ុន សែន តែងតែ​ចេញ​បទបញ្ជា ឲ្យ​អនុវត្ត​អ្វីមួយ នៅក្នុង​កម្មវិធី​ផ្សេងៗ បន្ទាប់ពី​លោក​បាន​ជ្រាប អំពី​រឿង​ដែល​មិន​ប្រក្រតី បែកធ្លាយ​ពី​មាត់ចាប់មាត់ព្រាប ទើប​អស់លោក​ដែលជា​មន្ត្រី​ពាន់​ព័ន្ធ ចាប់ផ្ដើម​ស្ទុះស្ទារ​អនុវត្ត​មួយ​ដង្ហើមចង្រិត រួច​ក៏​បំភ្លេចចោល​ទៅវិញ ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​សប្បាយរីករាយ ក្នុង​ការប្រមូល​ផលប្រយោជន៍ ដោយ​ធ្វើ​តែ​របាយការណ៍​ថា​ល្អៗ ឲ្យ​ទៅ​ថ្នាក់លើ​។​

​ហេតុ​ការ​ណ៍នេះ បានធ្វើ​ឲ្យ​មហាជន​ទូទៅ ​លោកដាក់​ចម្ងល់​ចង់​សួរ​មន្ត្រី​ពាក់ព័ន្ធ​ថា តើ​អស់លោក​ដែលជា​មន្ត្រី​ទាំងអស់ ចាប់តាំងពី​ផ្កាយ រហូតដល់​ថ្នាក់ក្រោម ​ដែល​ស៊ីប្រាក់ខែ​រដ្ឋ មួយថ្ងៃៗ​រវល់​ធ្វើ​អ្វីខ្លះ បានជា​មិនដឹង​ពី​តួនាទី​ភារៈកិច្ច​របស់ខ្លួន ក្នុង​តំណែង​ដែល​សម្ដេច បានប្រគល់​ឲ្យ​? ឬមួយ​ក៏​ដឹង​តែ​ពី​ការប្រើប្រាស់​ឋានៈ​តួនាទី​របស់ខ្លួន ធ្វើបាប​ប្រជាជន អួត​ក្អេងក្អាង កាង​អ្នកនេះ កាង​អ្នកនោះ​?

​ជាក់ស្ដែង​រឿង​មិន​ប្រក្រតី​នៅក្នុង​ពន្ធនាគារ (​គុក​) ត្រូវបាន​សម្ដេច​ចេញ​បញ្ជា​សារជាថ្មី​ម្ដងទៀត កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅនេះ បន្ទាប់ពី​សម្ដេច ធ្លាប់​បានចេញ​បញ្ជា​ម្ដង​រួចមកហើយ ទាក់ទង​ទៅនឹង អ្នកទោស​ប្រើប្រាស់​ទូរស័ព្ទ នៅក្នុង​ពន្ធនាគា​នោះ​។​

​ប្រសិនបើ​អស់លោក​មិនបាន​ដឹងថា មាន​អ្វី​រឿង​កើតមានឡើង នៅក្នុង​ពន្ធនាគា​នោះទេ លោកអ្នក​អាច​ស្វែងយល់ តាមរយៈ​ព័ត៌មានខាងក្រោមនេះ ដែល​បានផ្ដល់​ឲ្យ​ដោយ​អ្នកដឹង​រឿង នៅក្នុង​ពន្ធនាគារ​។

​នៅក្នុង​ពន្ធនាគារ​សព្វថ្ងៃនេះ ត្រូវបាន​គេ​ដឹងថា ជា​កន្លែង​រកស៊ី​យ៉ាងខ្លាំង​ក្លា​របស់​មន្ត្រី​បំរើការ​នៅក្នុង​ពន្ធនាគារ និង​ក្រុមគ្រួសារ​របស់​ពួកគេ ចាប់តាំងពី​ថ្នាក់​ធំ រ​ហូតថ្នាក់​តូច​។​

​នៅក្នុង​ពន្ធនាគារ អ្នកទោស ដែល​ចូលទៅ​ដំបូង ត្រូវ​បង់ថ្លៃ​ឲ្យ​មន្ត្រី​ប្រចាំការ ​នៅតាម​អគារ នៅតាម​បន្ទប់ ដើម្បី​ឲ្យ​ជួយ​សម្រួល ក្នុងការ​ចេញចូល នៅក្នុង​ម៉ោង​ដែល​គេ​អនុញ្ញាត​ឲ្យ​ចេញពី​បន្ទប់ មក​ធ្វើ​ចលនា​ និង​ត្រូវ​ពន្លឺ​ថ្ងៃ​។ អ្នកទោស ក៏ត្រូវ​ផ្ដល់​លុយកាក់​មួយចំនួន ឲ្យ​ទៅ​មេ​បន្ទប់​ដែល​ខ្លួន​ជាប់ឃុំ​ជាមួយ និង​ថ្លៃ​ទឹក​ដែល​ខ្លួន​ត្រូវ​ប្រើប្រាស់ ដោយ​លុយ​ទាំងនេះ ត្រូវ​បង់​បន្ត​ឲ្យ​ទៅ​មន្ត្រី​ពន្ធនាគារ ដែល​ផ្ដល់​ទឹក​មក​ឲ្យ​ប្រើប្រាស់ នៅតាម​បន្ទប់​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។​

នៅក្នុង​បន្ទប់​ឃុំឃាំង ​តែងមាន​បងធំ​បងតូច កាង​នៅ​ក្នុងនោះ ដែល​អ្នក​ចំណូល​ថ្មី ត្រូវគោរព​ ដោយ​ការផ្ដល់​ជា​ផលប្រយោជន៍​ផ្សេងៗ ដូចជា​សម្ភារៈប្រើប្រាស់ ចំណីអាហារ​ដែល​ខ្លួន​មាន និង​លុយកាក់​មួយចំនួន​ផងដែរ​។ អ្នក​ចូល​ថ្មី ប្រហែលជា​គ្មាន​កន្លែង​សមរម្យ​សម្រាប់​គេង​នោះទេ ប្រសិនបើ​ក្នុង​បន្ទប់​នោះ មាន​អ្នកទោស​ច្រើន ​លើស​ចំនួន​កំណត់។​

គេ​ថា នៅ​ពន្ធនាគារ គឺជា​ឋានសួគ៌ សម្រាប់​អ្នកមាន​លុយ វា​គឺជា​ពិត ព្រោះ​គេ​អាច​ប្រើប្រាស់​លុយ ឲ្យ​អ្នកទោស​ផ្សេងៗ​ទៀត បំរើ​ពួកគេ​ដូចជា​បោកគក់ ចម្អិន​អាហារ ការប្រើប្រាស់​ទឹក បង្គន់ បក់ផ្លិត និង​ទំហំ​កន្លែង​សម្រាប់​គេង ជាដើម​។​

​នៅក្នុង​ពន្ធនាគារ មាន​ផ្សារ​លក់ទំនិញ​សព្វបែបយ៉ាង ចាប់តាំងពី​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ រហូតដល់​ចំណីអាហារ បន្លែ ត្រី សាច់ កាហ្វេ គុយទាវ ជាដើម ដែល​លក់​ដោយ​ក្រុមគ្រួសារ របស់​មន្ត្រី​ពន្ធនាគារ ដែល​បម្រើការ​នៅ​ទីនោះ ឬ​អ្នក​ដែល​ហ៊ាន​បង់ថ្លៃ​ឲ្យ​ទៅ​ពន្ធនាគារ ​ដើម្បី​ចូលមក​លក់ដូរ​រកស៊ីនៅខាងក្នុងពន្ធនាគារ​។ បន្លែ ត្រី សាច់ ទាំងអស់នោះ ត្រូវបាន​អ្នកទោស​យកមក​ចម្អិន នៅក្នុង​បន្ទប់​ឃុំឃាំង ដោយ​ពួកគេ​អាច​ជួល​ច​ង្គ្រា​ន​ហ្គាស ពី​មន្ត្រី​ពន្ធនាគារ​ទាំងអស់នោះ​ផងដែរ​។​

​នៅ​ថ្ងៃអាទិត្យ ឬ​ថ្ងៃបុណ្យ​ឈប់សម្រាក់ អ្នកទោស​មិនត្រូវ​បានអនុញ្ញាត ​ឲ្យ​ចេញពី​បន្ទប់​ទេ ដូចនេះ​ផ្សារ​លក់ដូរ ត្រូវបាន​គេ​ផ្ដល់ជូន ដល់​មាត់​បង្អួច​បន្ទប់​ឃុំឃាំង​តែម្ដង​។ ឆ្មាំ​គុក នៅមាន​មុខរបរ​មួយទៀត គឺ​លក់​បារី ដែកកេះ និង​ជួល​ទូរស័ព្ទដៃ ដើម្បី​ប្រើប្រាស់​ក្នុងការ​និយាយ​ទាក់ទង អ្នកនៅខាងក្រៅ​។​

​អ្នកទោស​ខ្លះ បាន​លាក់​លួច​យក​ទូរស័ព្ទ ​ឬ​ស៊ីម​កាត ចូល​បន្ទប់​របស់ខ្លួន តាមរយៈ​ការ​បង្កប់​ដាក់​តាម​សម្ភារៈ​ ឬសម្លៀកបំពាក់ ដែល​គ្រួសារ​ពួកគេ​ប​ញ្ចូ​ន​មក​ឲ្យ ដោយមាន​ការជួយ​សម្រួល​ពី​មន្ត្រី​នៅ​ទីនោះ ជា​ថ្នូរ​នឹង​ប្រាក់​កាក់​មួយចំនួន ឬ​អ្នកទោស​ខ្លះទៀត អាច​ទិញ​ពី​មន្ត្រី​ពន្ធនាគារ ឬ​អ្នកទោស​ផ្សេងទៀត​នៅក្នុង​នោះ ដែល​គេ​ចង់​លក់​យកលុយ​ចាយ​។​

​អ្នកទោស​ដែល​ជាប់ឃុំ​យូរ​ឆ្នាំ នៅតាម​បន្ទប់​ខ្លះ បានធ្វើការ​កែច្នៃ​ត​ខ្សែ​អគ្គិសនី ពី​ខ្សែ​អគ្គិសនី ​ដែល​ដាក់​បំភ្លឺ​នៅក្នុង​បន្ទប់ ដែល​បើក​បំភ្លឺ ចាប់ពី​ក្បាល​ប្រ​លប់ រហូត​ដល់​ម៉ោង​១០​យប់ ដើម្បី​សាក​ថ្ម​ទូរស័ព្ទ​, ម៉ាស៊ីន​លេង​ហ្គេម ឬ​ឧបករណ៍​ផ្សេងៗ​ទៀត បាន​យ៉ាង​ងាយស្រួល ដោយ​គ្មាន​ការរំខាន​ពី​ឆ្មាំ​គុក​នោះទេ ប្រសិនបើ​គេ​ចេះ​ទាក់ទង និង​ផ្ដល់ប្រាក់​ជាប្រចាំ​ដល់​ពួកគេ ក្នុង​ការមិនធ្វើ​ការឆែកឆេ​រ ឬ​រាយការណ៍​ថា ឆែកឆេ​រួចហើយ ទៅ​ថ្នាក់លើ​របស់ខ្លួន​នោះ​។​

អ្នកទោស ដែលមាន​បំណង​ចង់​ឲ្យ​ក្រុមគ្រួសារ ​របស់​ពួកគេ​មកជួប ប្រសិនបើ​គេ​មិនអាច​សុំ​ ឬ​ជួល​និយាយ តាម​ទូរស័ព្ទ​ទាក់ទង​ដោយ​ខ្លួនឯង ពី​អ្នក​ជាប់ឃុំ​ជាមួយគ្នា​នោះទេ គឺ​ពួកគេ​អាច​ពឹងពាក់​ ឲ្យ​មន្ត្រី​ពន្ធនាគារ ជួយ​ទាក់ទង​និយាយ​ឲ្យ ដោយ​សន្យា​ជា​ថ្នូរ​នឹង​ការផ្ដល់ប្រាក់ នៅពេលដែល​គេ​ទទួលបាន ពី​គ្រួសារ​របស់​ពួកគេ​នៅពេល​មកជួប​។​

​ក្រុមគ្រួសារ​អ្នកទោស ដែលមាន​បំណង​ចង់​ជួប​អ្នកទោស ត្រូវ​ចំណាយលុយ​អស់​មួយចំនួនធំ ដើម្បី​បាន​ជួប​អ្នកទោស ដោយមាន​ជម្រើស​២​យ៉ាង គឺ​ស្ថិតនៅ​ក្រៅរបង​និយាយ​ជាមួយ​អ្នកទោស ឬ​ជួប​មាន​កន្លែង​អង្គុយ​ត្រឹមត្រូវ ទៅតាម​តម្លៃ​ដែល​ក្រុមគ្រួសារ អាច​បង់​ទៅ​ឲ្យ​មន្ត្រី​​នៅ​ទីនោះ​។​

​លោកអ្នក​ដឹង​ទេ​ថា ប្រាក់​ដែល​គ្រួសារ​ផ្ដល់​ឲ្យ ​ដល់​អ្នកទោស​ប្រើប្រាស់ នៅពេលមកជួបម្ដងៗ ត្រូវ​បង​នៅតាម​ផ្លូវ​​ទៅ​ឲ្យ​មន្ត្រី​ដែល​អង្គុយ​យាម នៅតាម​មាត់ច្រក​ចេញចូល​ ពេល​ត្រលប់​ចូលទៅ​វិញ គ្រប់រូប​ទាំងអស់ ដោយ​មិនអាច​រំលង​ម្នាក់​ណា​ឡើយ ចាប់ពី​កន្លែង​ត្រួតពិនិត្យ​ដំបូង រហូតដល់​ឆ្មាំ​គុក​ ជាអ្នក​បើកទ្វា​បន្ទប់ឲ្យ​។ ស្ថានភាព​នេះ ប្រៀបបាន​ទៅនឹង​ ការដើរ​ឆ្លងកាត់​ផ្លូវ​មួយ ដែល​យើង​ត្រូវ​បោះ​ដុំ​បាយ​ ឲ្យ​ទៅ​ពពួក​ប្រេត ដែល​កំពុង​ស្រែក​ឃ្លាន​ស៊ីអាហារ បើ​ពុំ​នោះទេ អ្នកនឹង​ត្រូវ​រងគ្រោះ ដោយសារតែ​ពួក​ប្រេត​ទាំងនោះ ដោយ​ប្រការ​ណាមួយ​ជាមិនខាន​។​

ដូច្នោះប្រសិនបើ​អស់លោក​ ជា​មន្ត្រី​ពាក់​ពន្ធ​បាន​ជ្រាប​ហើយ សូម​អស់លោក​មេត្តា​អាណិត​សម្ដេច​តេ​ជោ ហ៊ុន សែន ផង ខណៈដែល​លោក​បានផ្ដល់​ភារៈកិច្ច ​ជូន​អស់លោក ជា​មុខតំណែង​ក្នុង​ការធ្វើ​កិច្ចការ ដើម្បី​ប្រទេស​រួចទៅហើយ ម្ដេច​ឡើយ​នៅ​ត្រូវ​រងចាំ​ទទួល​បទបញ្ជា របស់​សម្ដេច​ទៀត​? អភិក្រម “​វះកាត់​” បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធិភាព​រួច​មកហើយ ចំពោះ​មន្ត្រី​មួយចំនួន ហើយ​សម្ដេច​ក៏បាន​ព្រមាន​រួចហើយ​ថា តែ ១៥​នាទី​ទេ ទោះ​ពាក់​ផ្កាយ ឬ​លោក​ខែ ក៏ដោយ គឺអាច​ដកដំណែង​ចេញ​​៕​