ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងបន្តចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្លឹបកម្សាន្ត Rock ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីកុំឲ្យមានការវិលត្រលប់មកវិញ សម្រាប់អាកន្លែងចង្រៃមួយនោះ ខណៈដំណើរការស្វែងរក ស៊ីជម្រៅរកមេខ្លោងនៅក្នុងរឿងនេះ ហាក់ដូចជាមិនទាន់ត្រូវបានបញ្ចេញ បើទោះបីជាដឹងថា ម្ចាស់ក្លឹបកម្សាន្ត Rock នេះជានណាក៏ដោយ។
សម្ដេច ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេច បានមានប្រសាសន៍ថា៖ “សង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងបន្តចាត់វិធានការ លើបញ្ហានេះបូកជាមួយការដំណើរការក្តីរបស់តុលាការ ត្រូវតែម៉ឺងម៉ាត់ ជាមួយនឹងការមិនវិលត្រឡប់ នៃអំពើពាលាអាវ៉ាសែ សម្រាប់កន្លែងមួយនេះ ដែលត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ ហើយស្វែងរកឱ្យដល់ទីជម្រៅ នូវមេខ្លោងរបស់វានៅកន្លែងណា មិនមែនរករឿងកម្មករតូចតាចទេ ប៉ុន្តែរឿងវាជ្រៅទៅពីនេះ អញ្ចឹងត្រូវរកឱ្យឃើញ ព្រោះអ្វីដែលមាននៅក្នុងដៃរួចទៅហើយ គឺជាមធ្យោបាយដើម្បីឈានទៅរកការជីករឹសគល់ នៃអ្នកជួញគ្រឿង ក៏ដូចជាអ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះ”។

គួររំម្លឹកផងដែរថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១ នាក់ ដែលក្នុងនោះមានជនជាតិចិន ១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង ៣៩ គីឡូក្រាម និងសារធាតុញៀនជាទឹក៩គីឡូ ២ ខាំ ជញ្ជីងថ្លឹងគ្រឿងញៀន១២ និងកាំភ្លើងខ្លី ១ដើម។

ហើយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ សមត្ថកិច្ចបានសម្រេចបញ្ជូនជនសង្ស័យ ចំនួន១៧រូប នៃករណីបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock) ទៅតុលាការ ក្រោយពីធ្វើកោសល្យវិច័យទឹកនោម និងបានប្រមូលវត្ថុតាងគ្រប់គ្រាន់។ ជនសង្ស័យទាំងទាំង១៧នាក់នោះ មានស្ត្រីម្នាក់ផង ភាគច្រើនជាយុវជន និងយុវតី មានអាយុចាប់ពី ១៩ ដល់ ២១ឆ្នាំ៕