លទ្ធផលទទួលបាន ក្រោយ​ពីការធ្វើទស្សនកិច្ច​​ ​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ (EU) រយៈពេល​២​ថ្ងៃ រឿង EBA នៅកម្ពុជា

2197

ភ្នំពេញ​៖ គណៈប្រតិភូ​សហភាព​អឺរ៉ុប ដឹកនាំ​ដោយ លោកស្រី Paola Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ ដែល​ត្រូវបាន​គេ​ដឹងថា ពាក់ព័ន្ធ​ទៅនឹង​ដំណើរការ ព្យួរ​ជា​បណ្តោះអាសន្ន​ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA)​។​

​ក្រោយពី​ជំនួប​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ​រួចមក លោក ផាត សុ​ផានិត ដែលជា​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ និង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា ប្រតិភូ​សហភាព​អឺរ៉ុប មកកាន់​ប្រទេស​កម្ពុជា មិនមែន​សិក្សា​រឿង​ដក EBA នោះទេ គឺ​មក​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​។​

លោក​បាន​លើកឡើងថា​៖ “​លោកស្រី (Paola Pampaloni) បាន​បញ្ជាក់ថា គណៈប្រតិភូ ដែល​មក​កម្ពុជានៅពេលនេះ គឺ​មិនមែន​មក​ដក EBA នៅ​កម្ពុជា​នោះទេ ប៉ុន្ដែ​មក​ធ្វើការ​ជាមួយគ្នា បើក​កិច្ចសន្ទនា​ជាមួយគ្នា ស្វែងរក​ចំណុចរួម និង​ដំណោះស្រាយ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ដើម្បី​បម្រើ​ផលប្រយោជន៍​រួម របស់​ប្រទេស​ទាំងពីរ​”​។​

​បន្ទាប់មកទៀត ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ក៏បាន​ទៅ​ជួបប្រជុំ​ជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​។​

បន្ទាប់ពី​កិច្ចប្រជុំ លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា៖ “​កិច្ចពិភាក្សា​នៅថ្ងៃនេះ គឺជា​ការបន្ដ​សន្ទនា​រឿង​នីតិវិធី EBA ហើយ​ភាគី​ទាំងពីរ សុទ្ធតែ​បាន​ប្ដេជ្ញា​ថា នឹង​រក្សា​ស្ថានភាព EBA មិន​ឲ្យ​បាត់បង់​ទេ​”​។​

​គួរ​រំ​ម្លឹ​កថា នៅ​មុនពេល​គណៈប្រតិភូ​របស់​សហភាព​អឺរ៉ុប មក​ធ្វើ​ទស្សនកិច្ច លោក សម រង្ស៊ី បាន​សរសេរ​លិខិត​រំឭក លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់ នៃ​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ឲ្យ​សហភាព​អឺរ៉ុប​ប្រកាន់ខ្ជាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​ផែនការ​ក្នុង​ការជួយ​ស្តារ​ប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សហភាព​អឺរ៉ុប មិនអាច​ស្ដាប់​តែ​ខាង លោក សម រង្ស៊ី នោះទេ គឺ​ប្រទេស​កម្ពុជា មាន​រយៈពេល​៦​ខែ​ក្នុង​ការតវ៉ា និង​ចរចា​ជាមួយ​គណៈកម្មការ​អឺរ៉ុប ដើម្បី​រក្សា​នូវ EBA បន្ទាប់ពី គណៈកម្មការ​អឺរ៉ុប​បានប្រកាស​ដំណើរ​នីតិវិធី ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA)» ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

ការសម្រេច​ព្យួរ EBA ពី​កម្ពុជា ត្រូវការ​រយៈ ១៨​ខែ គិត​ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ទើប​អាច​ចូល​ជា​ធរមាន ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប មិន​ទទួល​ការបកស្រាយ​របស់​កម្ពុ​ជា​នោះ​៕